ស្របពេលប្រជាពលរដ្ឋអាមេរិករាប់សិបលាននាក់កំពុងតាមដានការជជែកដេញដោលរវាងបេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump និងបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris នៅលើកញ្ចក់ទូរទស្សន៍ជាលើកដំបូងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ចំនួនអ្នកចូលទស្សនាបានផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈឃ្លីប និងវីដេអូ ត្រូវបានកែសម្រួល ឬ edits នៃពេលវេលាពិភាក្សាដេញដោលដែលមិនអាចបំភ្លេចបាន។

អ្នកប្រើបណ្ដាញផ្សព្វផ្សាយសង្គម បានចាប់ផ្ដើមបើក និងទស្សនាការជជែកដេញដោលដ៏ក្ដៅគគុក របស់បេក្ខជនមកពីបក្សធំៗទាំង២ ដោយបានមើលឃើញលោកស្រី Harris បង្ហាញខ្លួនជាមួយទឹកមុខញញឹមនៅលើវេទិកា ចាប់ដៃលោក Trump និងណែនាំខ្លួនលោកស្រី។

អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមានឈ្មោះថា Adam James Smith បានបង្ហោះនៅលើបណ្ដាញ X ដោយមានអ្នកចុច Like និងចូលទស្សនារហូតដល់ ៤០.០០០នាក់។
សង្រ្គាមពាក្យសម្ដីដ៏ខ្លាំងក្លា បានរាលដាលយ៉ាងឆាប់រហ័សនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលត្រូវបានផ្សព្វផ្សាយដោយអ្នកបង្ហោះរាប់ពាន់នាក់ ដោយរួមទាំងមនុស្សជាច្រើនមានការភាន់ច្រលំចំពោះការពាក់ព័ន្ធរបស់សម្រង់សម្តីនៅក្នុងការជជែកដេញដោលប្រធានាធិបតីបន្ទាប់ពីលោកTrump បាននិយាយដល់ជនភៀសខ្លួនហៃទីគ្មានអាហារទទួលទាន បែជាទទួលទានសាច់សុនខ និងឆ្មា ជាដើម។ ការវាយប្រហារពាក្យសម្ដី និងការចោទដាក់គ្នាជុំវិញការដឹកនាំប្រទេសយ៉ាងក្ដៅគគុក រវាងបេក្ខជនទាំង២លើបញ្ហាជាច្រើន បានរុញឲ្យអ្នកចូលទស្សនានៅលើបណ្ដាញសង្គមកើនឡើងយ៉ាងខ្លាំង៕