ក្រុមហ៊ុន ស្ពេសអ៊ិច (SpaceX) បានបាញ់បង្ហោះយាន ឃ្រូ ដ្រាហ្គន (Crew Dragon) ដែលដឹកអវកាសយានិកឯកជនចំនួនបួននាក់ ទៅកាន់ទីអវកាសកាលពីព្រឹកថ្ងៃអង្គារ (១០ អង្គារ) ដោយចាប់ផ្តើមបេសកកម្ម ផូឡារ៉ាយ ដន (Polaris Dawn) ឬហៅថា បេសកកម្មដឹកអវកាសយានិកទៅកាន់រយៈកម្ពស់ខ្ពស់បំផុតដែលមនុស្សបានទៅដល់ចាប់តាំងពីឆ្នាំ១៩៧២ រយៈពេលប្រាំថ្ងៃរបស់ក្រុមហ៊ុន ក្នុងបំណងសាកល្បងការរចនាឈុតអវកាសថ្មី និងធ្វើការដើរលើលំហដោយក្រុមហ៊ុនឯកជនជាលើកដំបូង។

អវកាសយានិកទាំងបួននាក់នោះរួមមានសហគ្រិនមហាសេដ្ឋីម្នាក់ អាកាសយានិកយន្តហោះចម្បាំងយោធាចូលនិវត្តន៍ម្នាក់ និងបុគ្គលិកក្រុមហ៊ុន SpaceX ពីរនាក់ ត្រូវបានស្ថិតក្នុងយានដែលបាញ់ចេញពីមជ្ឈមណ្ឌលអវកាស ឃិននេឌី (Kennedy) របស់អង្គការ ណាសា (NASA) ក្នុងរដ្ឋ ហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក នៅម៉ោងប្រហែល ៥:២៣នាទីព្រឹក (ម៉ោងក្នុងស្រុក)។

បន្ទប់យានអវកាសនោះបានហោះទៅដល់គន្លងគោចរប្រហែល ៩នាទីកន្លះក្រោយមក។ យាន Crew Dragon បានបំបែកចេញពីយានជំរុញ ៣នាទីបន្ទាប់ពីនោះ ជាមួយនឹងកាមេរ៉ានៅលើបន្ទប់យានបង្ហាញនូវទិដ្ឋភាពដ៏អស្ចារ្យនៅពីលើផែនដី។ យានជំរុញ ហ្វាលខន-៩ (Falcon 9) របស់បេសកកម្មនេះបានចុះចតដោយសុវត្ថិភាពនៅលើបន្ទះបាតសមុទ្រ។

នេះគឺជាបេសកកម្មឯកជនទីប្រាំ និងប្រថុយប្រថានបំផុតរហូតមកដល់ពេលនេះរបស់យាន Crew Dragon។ យានអវកាសនោះនឹងហោះចូលទៅក្នុងគន្លងរាងពងក្រពើ ដោយឆ្លងកាត់ជិតផែនដីដល់ទៅ ១៩០គីឡូម៉ែត្រ និងឆ្ងាយពីផែនដីដល់ទៅ ១.៤០០គីឡូម៉ែត្រ ដោយជាចម្ងាយឆ្ងាយបំផុតដែលមនុស្សនឹងបានទៅផ្សងព្រេង ចាប់តាំងពីការបញ្ចប់កម្មវិធីព្រះចន្ទ អាប៉ូឡូ របស់អាមេរិកក្នុងឆ្នាំ១៩៧២។
ការប៉ុនប៉ងដើម្បីចាប់ផ្ដើមបេសកកម្មកាលពីខែមុន ត្រូវបានពន្យារពេលជាច្រើនម៉ោងមុនការបាញ់បង្ហោះដោយសារការលេចធ្លាយសារធាតុអេលីយ៉ូមក្នុងឧបករណ៍បាញ់ពីដីនៅលើបន្ទះបាញ់បង្ហោះ។ SpaceX បានជួសជុលការលេចធ្លាយនោះ ប៉ុន្តែយានជំរុញ Falcon 9 ត្រូវបានបន្តផ្អាកដំណើរការដោយនិយតករសហរដ្ឋអាមេរិក ដែលពន្យារពេលបេសកកម្មនេះបន្ថែមទៀត។ ការបាញ់បង្ហោះកាលពីថ្ងៃអង្គារនេះក៏ត្រូវបានពន្យារពេលប្រហែលពីរម៉ោងផងដែរមុនពេលចាប់ផ្ដើមបានជោគជ័យ ដោយសារអាកាសធាតុមិនអំណោយផល៕