ក្រុមអ្នកវិភាគនយោបាយបាននិយាយថា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) អាចបន្តធ្វើជានាយករដ្ឋមន្ត្រីកាណាដារហូតដល់ឆ្នាំក្រោយបាន ទោះបីជារដ្ឋាភិបាលសេរីនិយមសំឡេងភាគតិចរបស់លោកកំពុងជួបហានិភ័យ បន្ទាប់ពីគណបក្សឆ្វេងនិយមបានដកពាក្យសន្យាគាំទ្ររបស់ខ្លួននៅលើការបោះឆ្នោតសំខាន់ៗដ៏ដោយ។

លោក Trudeau ដែលប្រឈមមុខនឹងភាពមិនសប្បាយចិត្តពីអ្នកបោះឆ្នោតបន្ទាប់ពីកាន់អំណាចជិត ៩ឆ្នាំមក បានបាត់បង់ការគាំទ្រដ៏សំខាន់កាលពីសប្តាហ៍មុននៅពេលគណបក្សប្រជាធិបតេយ្យថ្មី (NDP) បានបញ្ចប់កិច្ចព្រមព្រៀងឆ្នាំ២០២២ ដែលបក្សនេះបានយល់ព្រមគាំទ្រលោកជាថ្នូរនឹងការចំណាយបន្ថែមទៀតសម្រាប់សង្គម។

ការបាត់បង់សំឡេងគាំទ្រដ៏សំខាន់មានន័យថាលោកនាយករដ្ឋមន្ត្រី វ័យ ៥២ឆ្នាំរូបនេះមិនអាចមានភាពប្រាកដប្រជាក្នុងការឈ្នះលើការបោះឆ្នោតទំនុកចិត្តនៅក្នុងសភាជាប់ឆ្នោត ដែលក្រុមសេរីនិយមរបស់លោកទទួលបានតែ ១៥៤អាសនៈប៉ុណ្ណោះក្នុងចំណោម ៣៣៨អាសនៈ។
ប្រសិនបើសមាជិកសភាបក្សប្រឆាំង ១៧០រូបបោះឆ្នោតប្រឆាំងនឹងក្រុមសេរីនិយម នោះរដ្ឋាភិបាលនឹងត្រូវដួលរលំមុនអាណត្តិរបស់ខ្លួនផុតកំណត់នៅចុងខែតុលា ឆ្នាំ២០២៥ ដោយបង្ខំឱ្យមានការបោះឆ្នោតសកលមុនកាលកំណត់។ ក្នុងស្ថានភាពនោះ ការស្ទង់មតិបង្ហាញយ៉ាងខ្លាំងថា ក្រុមអភិរក្សស្តាំនិយមកណ្តាលអាចនឹងឈ្នះសំឡេងភាគច្រើន។
លោក Trudeau ហាក់ដូចជាមិនទាន់ជួបរឿងឈឺក្បាលបែបនេះនៅឡើយទេយ៉ាងហោចណាស់ប្រហែលពីរបីខែខាងមុខទៀត។ ការបោះឆ្នោតទំនុកចិត្តបន្ទាប់ ដែលរដ្ឋាភិបាលត្រូវតែប្រឈម គឺនៅពេលដែលខ្លួនស្នើឱ្យសភាផ្តល់សច្ចាប័នលើអ្វីដែលគេហៅថាការធ្វើបច្ចុប្បន្នភាពថវិកា ដែលនឹងផុតកំណត់នៅចុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ៕