អតីតប្រធានាធិបតីអាមេរិក លោក Donald Trump និងអនុប្រធានាធិបតី លោកស្រី Kamala Harris បានចោទដាក់គ្នាទៅមក និងប៉ះទង្គិចគ្នាយ៉ាងខ្លាំងជុំវិញសង្គ្រាមនៅអ៊ុយក្រែនកាលពីថ្ងៃអង្គារ (១០ កញ្ញា) អំឡុងពេលជែកដេញដោលបេក្ខភាពប្រធានាធិបតីដ៏តានតឹង។

ក្នុងពេលជជែកតស៊ូមតិនោះ លោក Trump បានចោទប្រកាន់ថាលោកប្រធានាធិបតី Joe Biden ធ្លាប់បានបញ្ជូនលោកស្រី Harris ឱ្យទៅ “ចរចាសន្តិភាព” រវាងអ៊ុយក្រែននិងរុស្ស៊ី នៅដើមដំបូងដើម្បីបញ្ចៀសកុំឱ្យជម្លោះដ៏អូសបន្លាយនោះកើតឡើង។

លោក Trump បានបន្ថែមថា “បីថ្ងៃក្រោយមក លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ដោយសារតែអ្វីគ្រប់យ៉ាងដែលលោក Biden និងលោកស្រី Harris បាននិយាយគឺមានភាពទន់ខ្សោយ និងឆោតល្ងង់។
លោកស្រី Harris បានវាយបកតបវិញថា «តាំងតែពីដើមដំបូងនៃការជជែកដេញដោលនេះ អ្នកទាំងអស់គ្នានឹងស្ដាប់ឮពាក្យកុហកជាច្រើនចេញពីអ្នករួមវេទិកានេះជាមួយយើង (ដោយសំដៅដល់លោក Trump)”។ លោកស្រីបានចោទលោក Trump ថាមានឆន្ទៈបោះបង់ចោលការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ដើម្បីគាំទ្រដល់លោក ពូទីន ជំនួសវិញ “ដោយសារតែលោក Trump ពេញចិត្តអ្នកខ្លាំងជាជាងការយកចិត្តទុកដាក់លើលទ្ធិប្រជាធិបតេយ្យ”។

ការពិភាក្សាដេញដោលដែលរៀបចំដោយទូរទស្សន៍ ABC News នេះបានធ្វើឡើងនៅមជ្ឈមណ្ឌលធម្មនុញ្ញជាតិក្នុងទីក្រុង ហ្វីឡាឌែលហ្វៀ (Philadelphia)។ ដូចដែលបានព្រមព្រៀងគ្នាដោយក្រុមយុទ្ធនាការទាំងពីរ មិនមានទស្សនិកជនចូលរួមមើលផ្ទាល់ទេ ហើយម៉ៃក្រូហ្វូនរបស់បេក្ខជនត្រូវបានបិទ នៅពេលដែលមិនមែនជាវេនរបស់ពួកគេក្នុងការនិយាយ៕