ទីក្រុងគីវ បាននិយាយកាលពីថ្ងៃអង្គារ (១០ កញ្ញា) ថាខ្លួនអាចនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់ ប្រសិនបើរុស្ស៊ី ប្រើមីស៊ីលបាលិស្ទិកដែលផ្តល់ដោយអ៊ីរ៉ង់ ទៅវាយប្រហារអ៊ុយក្រែន ហើយទីក្រុងគីវ ថ្កោលទោសការចែកចាយសព្វាវុធបែបនេះថាជារឿងមិនអាចទទួលយកបានទេ។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយដោយសម្អាងលើរបាយការណ៍ចារម្មថា រុស្ស៊ីបានទទួលមីស៊ីលពីអ៊ីរ៉ង់ ហើយលោករំពឹងថាទីក្រុងមូស្គូ នឹងប្រើសព្វាវុធទាំងនោះនៅប៉ុន្មានសប្តាហ៍ខាងមុខ។ ប៉ុន្តែអ៊ីរ៉ង់បដិសេធថាមិនបានផ្តល់អាវុធបែបនោះឡើយ។

អ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងកំណើននៃការវាយប្រហារមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី បាននិយាយថា នឹងមានផលវិបាកដ៏អាក្រក់សម្រាប់ទំនាក់ទំនងទ្វេភាគីរបស់ខ្លួនជាមួយអ៊ីរ៉ង់ ប្រសិនបើរបាយការណ៍នៃការផ្គត់ផ្គង់មីស៊ីលត្រូវបានបញ្ជាក់។
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) មិនបានលើកឡើងដោយផ្ទាល់ស្ដីពីអ៊ីរ៉ង់នៅក្នុងសុន្ទរកថាពេលយប់របស់ខ្លួនទេ ប៉ុន្តែបានសន្យាថានឹងសម្របសម្រួលការឆ្លើយតបដ៏រឹងមាំពីទូទាំងពិភពលោកចំពោះមហាអំណាចណាមួយដែលជួយរុស្ស៊ី និងជួយដល់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។
គួររម្លឹកថា អ៊ុយក្រែន បានបន្ទាបទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងឆ្នាំ២០២២ ជុំវិញការផ្គត់ផ្គង់យានដ្រូនវាយប្រហារ សាហេដ (Shahed) របស់ទីក្រុងតេអេរ៉ង់ ឱ្យដល់រុស្ស៊ី ដែលកងទ័ពទីក្រុងមូស្គូ បានប្រើប្រាស់សម្រាប់ការវាយប្រហារចម្ងាយឆ្ងាយជាប្រចាំ៕