មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារ (ទី១០ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងដំបូងជាមួយអ៊ុយក្រែន ដែលនឹងផ្តល់ឲ្យប្រទេសហែកហួរដោយសង្រ្គាមមួយនេះ ទទួលបានជំនួយហិរញ្ញវត្ថុប្រមាណជា ១,១ពាន់លានដុល្លារ។

កិច្ចព្រមព្រៀងនេះកើតមានឡើងបន្ទាប់ពីអ្វីដែលទីក្រុងគីវ បាននិយាយកាលពីថ្ងៃអង្គារថា ជាការពិភាក្សា «ដ៏ពិបាក» ហើយត្រូវមានការយល់ព្រមពីក្រុមប្រឹក្សាប្រតិបត្តិរបស់ស្ថាប័នមូលនិធិនេះ ដែល IMF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា គ្រប់យ៉ាងរំពឹងថា នឹងកើតឡើងនៅក្នុង «ប៉ុន្មានសប្តាហ៍ខាងមុខ»។

IMF គឺជាអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិដ៏សំខាន់ដល់ទីក្រុងគីវ ហើយកម្មវិធី ១៥,៦ពាន់លានដុល្លាររយៈពេល ៤ឆ្នាំរបស់ខ្លួន គឺជាផ្នែកសំខាន់នៃកញ្ចប់ជំនួយសេដ្ឋកិច្ចសកលធំជាងគេ សម្រាប់ផ្ដល់ដល់អ៊ុយក្រែន ខណៈប្រទេសនេះត្រៀម សម្រាប់រដូវរងាទី៣ ដែលត្រូវប្រឹងប្រែងទប់ទល់នឹងការលុកលុយពេញលេញរបស់រុស្ស៊ី។
អ្នកដែលបានដឹកនាំបេសកកម្មត្រួតពិនិត្យរបស់ IMF ទៅកាន់ទីក្រុងគីវ សម្រាប់ការពិនិត្យវាយតម្លៃលើកទី៥ នៃកម្មវិធីផ្តល់ប្រាក់កម្ចី គឺលោក Gavin Gray បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន នៅតែបន្តមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេស និងប្រជាជនរបស់ប្រទេសនេះ។ ការធ្វើគោលនយោបាយប្រកបដោយជំនាញ ការសម្របខ្លួនបានរបស់គ្រួសារ និងក្រុមហ៊ុន និងការផ្តល់ហិរញ្ញប្បទានពីខាងក្រៅដ៏រឹងមាំ បានជួយទ្រទ្រង់ម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ»។
គួរបញ្ជាក់ថា ទិន្នន័យក្រសួងហិរញ្ញវត្ថុបានបង្ហាញថា អ៊ុយក្រែនបានទទួលជំនួយហិរញ្ញវត្ថុប្រមាណជា ៩៨ពាន់លានដុល្លារពីដៃគូលោកខាងលិចរបស់ខ្លួន គិតចាប់តាំងពីសង្គ្រាមនេះចាប់ផ្ដើម៕