ប្រជាពលរដ្ឋមកពីតាមបណ្តាលក្រុងស្រុកផ្សេងៗគ្នា ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ បានធ្វើដំណើរកម្សាន្តនៅតំបន់ប្រាសាទតាមាន់ជាបន្តបន្ទាប់ ខណៈការធ្វើដំណើររបស់ពួកគាត់ តាមរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយពុំមានការគិតថ្លៃ និងខ្លះទៀតធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន ដើម្បីចង់ឃើញចង់ស្គាល់ប្រាសាទតាមាន់ ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា តំបន់ប្រាសាទតាមាន់ គឺជាតំបន់ទេសចរប្រវត្តិសាស្រ្តមួយដែលដូនតាបុព្វបុរសខ្មែរសម័យមុន បានកសាងបន្សល់ទុកជាកេរដំណែលមកដល់ពេលបច្ចុប្បន្ននេះ ដោយមានការយាមកាមការពារបានយ៉ាងល្អប្រសើររបស់ភាគីទាំងសងខាងរវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ស្ថិតនៅចំណុចភូមិតាមាន់សែនជ័យ ឃុំកោគមន ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ លើជួរភ្នំដងរែក ព្រំដែនដែនកម្ពុជាថៃ។
ពលរដ្ឋបានបន្តថា ពួកគាត់កន្លងមកពុំសូវបានស្គាល់ និងមកទស្សនាកម្សាន្តលេងនៅតំបន់ប្រាសាទតាមាន់នេះទេ។បច្ចុប្បន្នដោយសារប្រទេសយើងមានសុខសន្តិភាព សន្តិសុខសង្គមបានល្អប្រសើរហើយនោះ ទើបយើងអាចធ្វើដំណើរមកលេងកម្សាន្តដោយសេរីដោយពុំមានការភ័យខ្លាចពីសុវត្ថិភាពអ្វីនោះឡើយ ។
យ៉ាងណាម៉ិញរដ្ឋបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តឧត្តរមានជ័យ ក៏ដូចជាតាមបណ្តាលខេត្តផ្សេងៗទៀត អាចបន្តធ្វើដំណើរមកទស្សនាកម្សាន្តនៅតំបន់ប្រាសាទតាមាន់ ឱ្យបានច្រើននិងបានគ្រប់ពេលវេលាផងដែរ។ ជាពិសេសនោះ នៅក្នុងឱកាសរដូវភ្ជុំកាន់បិណ្ឌ នាពេលខាងមុខនេះ៕





