ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីចូលរួមកិច្ចប្រជុំតាមរយៈវីដេអូខនហ្វើរិនជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំតាមរយៈវីដេអូខនហ្វើរិននេះ ភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើនទាក់ទង នឹងពាណិជ្ជកម្មរវាងកម្ពុជា អាមេរិក និងអាស៊ាន និងបញ្ហាមេរោគកូវីដ១៩ រួមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា អាមេរិក និងអាស៊ានជាដើមនោះ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះសម្តេចក្រឡាហោម ស ខេង បានសម្តែងការស្វាគមន៍នៃកិច្ចប្រជុំទាក់ទងនឹងធុរកិច្ចរវាងកម្ពុជាអាមេរិកនេះ ហើយតាមរយៈ កិច្ចប្រជុំនេះ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ ជាពិសេសពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងអាមេរិកកាន់តែច្រើនបន្ថែមទៀតផងដែរ។
សម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងការរីករាយយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្ត របស់អាមេរិក ចំពោះអាស៊ាន និងកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ និងការពង្រីកទំហំពាណិជ្ជកម្មជាមួយគ្នា ដើម្បីធ្វើយ៉ាងណាបង្កើនការងារដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅក្នុងតំបន់អាស៊ានទាំងមូលនោះ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ លោកអេឡិចសាន់ឌឺ ស៊ី ហ្វេលមេន ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានលើកឡើងថា ភាពរីកចំរើនរវាងអាមេរិក និងកម្ពុជាបានកំពុងរីកចំរើនជាបន្តបន្ទាប់ បើទោះបីជាពិភពលោកទាំងមូលកំពុងជួបវិបត្តិមេរោគកូវីដ១៩ក៏ដោយនោះ។
លោក បានបញ្ជាក់ថា«ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកបានកើនឡើងជាបន្តបន្ទាប់ជាក់ស្តែងនៅដើមឆ្នាំ២០២០នេះ ទំហំពាណិជ្ជប្រទេសទាំងពីរបានកើនឡើងជិត៣០ភាគរយ ហើយរំពឹងថា នឹងកើនជាបន្តបន្ទាប់ទៀតផងដែរ»៕



