សភាតំណាងរាស្រ្តអាមេរិក កាលពីថ្ងៃអង្គារ (១០ កញ្ញា) បានអនុម័តសំណើច្បាប់មួយ ដែលអាចឈានទៅដល់ការបិទការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ទីក្រុងហុងកុងក្នុងប្រទេស ដោយទាញការថ្កោលទោស និងការខឹងសម្បារពីរដ្ឋាភិបាលក្នុងទីក្រុងពាណិជ្ជកម្មដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះ។

ច្បាប់បញ្ជាក់សម្រាប់ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង (HKETO) ទ្វេភាគីនឹងអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកដកសិទ្ធិ និងអភ័យឯកសិទ្ធិនៃការិយាល័យពាណិជ្ជកម្មនៅទីក្រុងវ៉ាស៊ីនតោន ក្រុងញូវយ៉ក និងសាន់ហ្វ្រាន់ស៊ីស្កូ ប្រសិនបើពួកគេមិនដំណើរការជាមួយ «កម្រិតស្វ័យភាពខ្ពស់» ដាច់ពីចិន និងសម្រាប់គោលបំណងផ្សេងទៀត។

នៅក្រោមច្បាប់នោះ ប្រសិនបើគេរកឃើញថាការិយាល័យហុងកុង HKETO លែងស័ក្ដិសមនឹងឯកសិទ្ធិ និងអភ័យឯកសិទ្ធិបែបនេះទៀត ពួកគេត្រូវតែបញ្ចប់ប្រតិបត្តិការរបស់ខ្លួននៅអាមេរិក មិនឱ្យលើសពី ១៨០ថ្ងៃបន្ទាប់ពីការបញ្ជាក់ត្រូវបានបញ្ជូនទៅសភា។

ច្បាប់នេះត្រូវបានអនុម័តយ៉ាងលើសលប់ដោយសំឡេងគាំទ្រ ៤១៣ទល់នឹង៣ ហើយត្រូវតែឆ្លងកាត់ព្រឹទ្ធសភាអាមេរិកសិនមុនពេលអាចត្រូវបានបញ្ជូនទៅលោកប្រធានាធិបតី Joe Biden ចុះហត្ថលេខា។ រដ្ឋាភិបាលហុងកុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួន “ថ្កោលទោសយ៉ាងខ្លាំង” លើសភាអាមេរិកក្នុងការប្រើច្បាប់ “ដើម្បីបង្កាច់បង្ខូចច្បាប់ស្តីពីការការពារសន្តិសុខជាតិនៅហុងកុង និងលាបពណ៌ដល់ស្ថានភាពសិទ្ធិមនុស្សនៅហុងកុង”៕