អង្គការកាកបាទក្រហមអន្តរជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១០ កញ្ញា) ថា ប្រមុខអង្គការជំនួយមួយនេះបានជំរុញប្រមុខរបបសឹកមីយ៉ាន់ម៉ា ឱ្យបង្កើនលទ្ធភាពទទួលបានជំនួយមនុស្សធម៌កាន់តែច្រើនទៅកាន់តំបន់រងគ្រោះដោយជម្លោះ អំឡុងពេលកិច្ចប្រជុំទល់មុខគ្នាដ៏កម្រមួយ។

សហភាពមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី ក្នុងឆ្នាំ២០២១ ដែលបង្កឱ្យមានការបះបោរប្រដាប់អាវុធនៅទូទាំងប្រទេស។

កាកបាទក្រហមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) លោកស្រី មៀចាណា ស្ពូលចារីក (Mirjana Spoljaric) បានជួបជាមួយប្រមុខរបបសឹក លោក មីន អ៊ុងលាំង (Min Aung Hlaing) ក្នុងរដ្ឋធានីណៃពិដោ កាលពីថ្ងៃចន្ទ។ អំឡុងពេលនៃកិច្ចប្រជុំនោះ លោកស្រីបានជំរុញ “ឱ្យមានប្រតិបត្តិការ និងលទ្ធភាពទទួលបានជំនួយកាន់តែច្រើនទៅកាន់តំបន់ដែលមានជម្លោះ” ដោយមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។

ចាប់តាំងពីខែវិច្ឆិកាមក រដ្ឋរ៉ាឃីន (Rakhine)បានរង្គោះរង្គើដោយការប៉ះទង្គិចគ្នារវាងយោធា និងកងទ័ពអារ៉ាកាន (AA) ដែលនិយាយថាខ្លួនកំពុងប្រយុទ្ធដើម្បីស្វ័យភាពសម្រាប់ប្រជាជនជនជាតិភាគតិចរ៉ាឃីន។ ក្រុមសិទ្ធិមនុស្សនិយាយថា ទាំងយោធា និងកងទ័ពអារ៉ាកាន កំពុងតែបង្ខិតបង្ខំជនជាតិរ៉ូហ៊ីងយ៉ាឱ្យចូលរួមការប្រយុទ្ធ និងធ្វើការសម្លាប់ខុសច្បាប់ប្រឆាំងនឹងជនជាតិភាគតិច។
ការបង្រ្កាបដោយយោធាឆ្នាំ២០១៧ នៅរដ្ឋរ៉ាឃីន បានបង្ខំឱ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់ភាគច្រើនជាជនជាតិភាគតិចមូស្លីម ភៀសខ្លួនទៅកាន់បង់ក្លាដែស ជាទីដែលពួកគេកំពុងរងទុក្ខនៅក្នុងជំរំជនភៀសខ្លួនដ៏តូចចង្អៀត៕