រដ្ឋាភិបាល នៅថ្ងៃពុធ (ទី១១ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា ទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុង Yagi បានឆក់យកជីវិតមនុស្សយ៉ាងណាស់ ៤នាក់ នៅភាគខាងជើងប្រទេសថៃ ហើយផ្ទះរាប់ពាន់ខ្នង ត្រូវបានជន់លិច ខណៈដែលខ្លួនបានប្រមូលផ្ដុំកងទ័ព ដើម្បីជួយដល់គ្រួសារដែលរងផលប៉ះពាល់។
នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) បាននិយាយថា ជំនួយកំពុងបញ្ជូនការទៅកាន់គ្រួសារប្រហែល ៩.០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តភាគខាងជើង គឺខេត្តឈៀងម៉ៃ (Chiang Mai) និងឈៀងរ៉ៃ (Chiang Rai)។
ដោយអះអាងពីការស្លាប់ដំបូង ទាក់ទងនឹងព្យុះ Yagi នេះ នាយកដ្ឋានបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយបានឲ្យដឹងថា មនុស្ស ២នាក់ បានបាត់បង់ជីវិត ដោយសារបំណាក់ដី នៅខេត្តឈៀងម៉ៃ និងអ្នកស្លាប់ ២នាក់ទៀត នៅខេត្តឈៀងរ៉ៃ ដែលជាប់ព្រំដែនសហភាពមីយ៉ាន់ម៉ា។
ក្រសួងសុខាភិបាលបានប្រាប់ថា ពួកគេបានពង្រាយបុគ្គលិកពេទ្យ អ្នកស្ម័គ្រចិត្ត និងអ្នកជួយសង្គ្រោះ ដើម្បីជួយជម្លៀសអ្នកស្រុកវ័យចំណាស់ទៅកាន់កន្លែងមានសុវត្ថិភាព។
ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមថៃ ក៏បានព្រមានផងដែរថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ដែលនាំមកនូវហានិភ័យពីការមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ។ សេចក្តីជូនដំណឹងដដែល បានបន្ថែមថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា សូមប្រុងប្រយត្ន័ ចំពោះគ្រោះថ្នាក់ដែលអាចបណ្តាលមកពីភ្លៀងធ្លាក់ពីខ្លាំងរហូតខ្លាំងឡើងៗ៕