តារាចម្រៀងស្រី Taylor Swift កាលពីល្ងាចថ្ងៃអង្គារ (ទី១០ ខែកញ្ញា) បានគាំទ្រអនុប្រធានរបស់គណបក្សប្រជាធិបតេយ្យ គឺលោកស្រី Kamala Harris ធ្វើជាប្រធានាធិបតីបន្ទាប់របស់អាមេរិក ដោយការលើកឡើងនេះកើតមានបន្ទាប់ពីការជជែកដេញដោលប្រធានាធិបតី រវាងលោកស្រី Harris និងអតីតប្រធានាធិបតីលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ។
Taylor Swift បានបង្ហាញការគាំទ្រនេះ តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម Instagram ហើយតារាចម្រៀងដ៏មានប្រជាប្រិយបានប្រាប់ថា នាងនឹងបោះឆ្នោតឲ្យអនុប្រធានាធិបតីអាមេរិក នៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក នាថ្ងៃទី៥ ខែវិច្ឆិកា ដែលការស្ទង់មតិបង្ហាញថា មានភាពស្ថិតស្វាញខ្លាំង។
ការបង្ហោះរបស់ Taylor Swift រួមមានទាំងរូបភាពរបស់តារាចម្រៀងរូបនេះជាមួយនឹងឆ្មាមួយក្បាល ហើយសេចក្តីប្រកាសរបស់នាងត្រូវបានបញ្ចប់ដោយពាក្យ «ស្ត្រីស្រឡាញ់សត្វឆ្មាគ្មានកូន» ដោយការធ្វើបែបនេះទំនងជាចង់ជីកកកាយសុន្ទរកថាដែលត្រូវបានធ្វើឡើងនាពេលមុន ដោយមិត្តរួមតំណែងរបស់លោក Trump គឺលោក JD Vance។
នេះគឺជាការគាំទ្រដ៏ធំបំផុត ដែលលោកស្រី Harris ទទួលបានឧស្សាហកម្មកម្សាន្តមួយនេះ។ តារាសម្តែង ផលិតករ និងអ្នកផលិតភាពយន្តរបស់ហូលីវូដជាច្រើន បាននិយាយថា ពួកគេបានចាត់ទុកលោកស្រី Harris ដែលជាអ្នកស្រុកកាលីហ្វ័រញ៉ាថា ជាបេក្ខជនទៅពីស្រុកកំណើតរបស់ពួកគេ៕