មជ្ឈមណ្ឌលកម្មករបូលីវី និងអ្នកគាំទ្ររដ្ឋាភិបាលរបស់លោក Luis Arce កាលពីថ្ងៃអង្គារ (ទី១០ ខែកញ្ញា) បានដើរដង្ហែទៅកាន់សភាជាតិ ដើម្បីទាមទារការអនុម័ត សម្រាប់ប្រាក់កម្ចីអន្តរជាតិ និងសេចក្ដីស្នើច្បាប់ដែលត្រូវបានរារាំងនៅក្នុងសភា។
ក្រុមបាតុករបានប្រកាសពីការឈរតវ៉ាដោយស្ងៀមស្ងាត់ នៅទីលាន Murillo Square ជិតសភារបស់បូលីវី ដោយជំរុញឲ្យសភាអនុម័តឥណទានដែលមានទឹកប្រាក់រហូតដល់ ១ពាន់លានដុល្លារ ដែលរដ្ឋាភិបាលរបស់លោក Arce ទទូចចង់បាន ចំពេលមានវិបត្តិរូបិយប័ណ្ណបរទេស។
តែយ៉ាងណាក្ដី គណបក្សប្រឆាំង នៅបូលីវី និងបក្សពួកនៃចលនាសង្គមនិយម (MAS) ដែលស្មោះត្រង់នឹងអតីតប្រធានាធិបតី លោក Evo Morales បានជំទាស់នឹងការអនុម័តប្រាក់កម្ចីទាំងនេះ ដោយសារកម្រិតបំណុលខ្ពស់របស់រដ្ឋបូលីវី។
ចាប់តាំងពីឆ្នាំ២០២៣ មក ប្រទេសបូលីវីបានជួបការលំបាកដោយកង្វះខាតប្រាក់ដុល្លារ ដែលជះឥទ្ធិពលអវិជ្ជមានដល់វិស័យផ្សេងៗ។ ស្ថាប័នធនាគារ ក្នុងស្រុក បានដាក់កំហិតលើប្រតិបត្តិការហិរញ្ញវត្ថុជាប្រាក់ដុល្លារ ដែលបង្កឲ្យមានការកើនឡើងនូវអ្វីដែលគេហៅថា ទីផ្សារងងឹត៕