បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក Carabao Cup, Manchester City បានឈានឡើងវគ្គ ១៦ក្រុមចុងក្រោយហើយក្រោយវាយបកពីក្រោយយកឈ្នះ Wycombe Wanderer ៦-១ យប់ថ្ងៃអង្គារម្សិលមិញ។

ក្រុមភ្ញៀវបាននាំមុខមុននៅនាទីទី២២ ដោយ Brandon Hanlan មុនពេលដែល Manchester City តាមស្មើវិញ ៧នាទីក្រោយមក។ Riyad Mahrez មុនចប់វគ្គទី១ ក៏រកបានគ្រាប់នាំមុខលើកដំបូងនៅនាទីទី៤៣ មុនពេលដែល Phil Foden បន្ថែមមួយគ្រាប់ទៀតនាទីទី៤៥+១។ ចូលវគ្គទី២ Ferran Torres, Riyad Mahrez និងកីឡាករវ័យ ១៩ឆ្នាំ Cole Palmer រកបានម្នាក់មួយទៀតឱ្យ Manchester City យកឈ្នះ Wycombe ៦-១។ ការប្រកួតយប់មិញនេះ Manchester City បានដាក់បញ្ចូលកីឡាករយុវជនជាច្រើនដូចជា Conrad Egan-Riley, Luke Mbete, Finley Burns, Josh Wilson-Esbrand និង Romeo Lavia។
ជ័យជំនះនេះមានន័យថា Manchester City មិនចាញ់សោះនៅពាន Carabao Cup នេះតាំងពីខែតុលា ឆ្នាំ២០១៦ និងឈានឡើងវគ្គ ១៦ក្រុមចុងក្រោយ ៥រដូវកាលជាប់គ្នា។ លទ្ធផលសំខាន់ៗផ្សេងទៀតមានដូចជា Brentford យកឈ្នះ Oldham ៧-០, Burnley យកឈ្នះ Rochdale ៤-១, Fulham និង Leeds ០-០ ហើយ Leeds ឈ្នះដោយបាល់ ១១ម៉ែត្រកាត់សេចក្តី, Liverpool យកឈ្នះនៅទឹកដី Norwich ៣-០៕
អត្ថបទ៖នាង សុភាវុធ