សមាជិកសភាជាន់ខ្ពស់មួយរូប នៅថ្ងៃពុធ (ទី១១ ខែកញ្ញា) នេះ បាននិយាយថា ប្រទេសរុស្ស៊ីនឹងចាត់ទុកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា ជាភាគីពាក់ព័ន្ធនឹងសង្រ្គាម នៅអ៊ុយក្រែន ហើយទីក្រុងមូស្គូ នឹងប្រើប្រាស់អាវុធដ៏មានឥទ្ធិពលខ្លាំងក្លាបន្ថែមទៀត ប្រសិនបើលោកខាងលិចអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី។
លោក Vyacheslav Volodin ប្រធានសភា Duma របស់រុស្ស៊ី បានលើកឡើងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ទីក្រុងវ៉ាស៊ីនតោន និងរដ្ឋអឺរ៉ុបផ្សេងទៀត កំពុងក្លាយជាភាគីនៃសង្រ្គាមនៅអ៊ុយក្រែន»។
លោក Volodin បានបា្រប់ថា សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និងអង់គ្លេស បានក្លាយជាភាគីជម្លោះ។ លោកបាននិយាយថា៖ «អ្វីៗទាំងអស់នេះ នឹងនាំទៅដល់ការពិត ដែលថា ប្រទេសរបស់យើងនឹងត្រូវបានបង្ខំឲ្យឆ្លើយតប ដោយការប្រើប្រាស់អាវុធដ៏មានឥទ្ធិពល និងបំផ្លិចបំផ្លាញបន្ថែមទៀត ដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួន»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ (ទី១០ ខែកញ្ញា) បានឆ្លើយតបថា រដ្ឋបាលរបស់លោកកំពុង «ដំណើរការកិច្ចការនោះ ឥឡូវនេះ» នៅពេលត្រូវបានសួរថា តើសហរដ្ឋអាមេរិកនឹងលុបចោលការរឹតបន្តឹងលើការប្រើប្រាស់អាវុធចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ក្នុងសង្គ្រាមនេះដែរ ឬទេ។
ហើយបើតាមប្រភពនានា ដែលបានប្រាប់សារព័ត៌មាន Reuters កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកជិតដល់កិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់ឲ្យអ៊ុយក្រែននូវអាវុធបែបនេះ ប៉ុន្តែថា ទីក្រុងគីវនឹងត្រូវរង់ចាំជាច្រើនខែ ខណៈសហរដ្ឋអាមេរិកធ្វើការលើបញ្ហាបច្ចេកទេស មុនពេលមានការដឹកជញ្ជូនណាមួយ៕