មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក(NHC) រាយការណ៍ថា ព្យុះត្រូពិក Francine បានបង្កើនកម្លាំងរបស់វាកាលពីល្ងាចថ្ងៃអង្គារ ដើម្បីក្លាយជាព្យុះសង្ឃរាកម្រិតទី ១ ។
ទីភ្នាក់ងារព្យាករណ៍ឧតុនិយមដែលមានមូលដ្ឋាននៅទីក្រុង Miami មួយនេះ បាននិយាយថា ព្យុះសង្ឃរា Francine ស្ថិតនៅចម្ងាយប្រហែល ៥៦០គ.មភាគនិរតីទីក្រុង Morgan រដ្ឋ Louisiana ជាមួយនឹងល្បឿនខ្យល់បក់ ១២០គ.មក្នុង ១ម៉ោង ។
NHC បាននិយាយទៀតថា ការកញ្ជ្រោលឡើងរបស់ព្យុះគំរាមកំហែងអាយុជីវិតមនុស្ស Francine និងខ្យល់បក់កម្លាំងព្យុះសង្ឃរា ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅរដ្ឋ Louisiana នាថ្ងៃពុធនេះ ។
ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ Louisiana បានត្រៀមខ្លួនរួចរាល់សម្រាប់ការមកដល់របស់ព្យុះ Francine ដែលបច្ចុប្បន្នកំពុងបង្កើនកម្លាំងនៅទូទាំងតំបន់ឈូងសមុទ្រម៉ិកស៊ិក ។
ក្រុមអាជ្ញាធរ បានអំពាវនាវឲ្យមានការជម្លៀសខ្លួនបណ្តោះអាសន្នរបស់អ្នកស្រុកនៅតាមសហគមន៍តំបន់ឆ្នេរ សាលារៀនត្រូវបិទទ្វារ ហើយក្រុមមន្រ្តីត្រូវចែកចាវបាវខ្សាច់ទប់ទឹកជំនន់ ។
យុវជន Chavez Marshall គឺជាសិស្សសាលាវ័យ ១៦ឆ្នាំមួយរូប និយាយថា ពួកយើងនៅទីនេះ ដើម្បីកើបខ្សាច់ត្រៀមសម្រាប់ព្យុះ ពីព្រោះថា កាលពីឆ្នាំ ២០១៣ ពួកយើងមានព្យុះដ៏ខ្លាំងក្លាបំផុត ។
យុវជនម្នាក់នេះ បន្តថា អ្នកមានដឹងទេ វានឹងបំផ្លិចបំផ្លាញអ្វីគ្រប់បែបយ៉ាងទាំងអស់ ហើយផ្ទះរបស់អ្នករាល់គ្នា នឹងត្រូវកសាងឡើងវិញ ។ ផ្ទះរបស់អ្នករាល់គ្នា រងការជន់លិច ខ្ញុំគិតថា អ្នករាល់គ្នា គ្មានបាវខ្សាច់គ្រប់គ្រាន់នោះទេ ។
ដោយឡែក អ្នកស្រី Courtney Green វ័យ ៣១ឆ្នាំ ដែលជាអ្នកគ្រប់គ្រងហាងលក់ទំនិញមួយរូប មកពីទីក្រុង Baton Rouge និយាយថា អ្នកស្រី ពុំបានត្រៀមអ្វីច្រើននោះទេ ។
អ្នកស្រីនិយាយថា តាមធម្មតា វាចៀសផុតទីក្រុង Baton Rouge ។ ដូច្នេះហើយនោះគឺជាហេតុផលដែលខ្ញុំមិនស្រូវព្រួយបារម្ភខ្លាំង ហើយខ្ញុំនឹងរង់ចាំមើលថាតើ វានឹងពិតប្រាកដដែរឬទេ ។
អ្នកស្រី Green និយាយទៀតថា អ្នកស្រីបានទៅហាង ធ្នើរហាងគ្មាននំបុ័ង និងសាច់នោះទេ ដូច្នេះហើយខ្ញុំត្រូវបំពេញកិច្ចការមួយនេះ ៕