មន្ត្រីម្នាក់ បាននិយាយថា មនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងប្រទេសហ្វីលីពីន នាថ្ងៃពុធ (ទី១១ ខែកញ្ញា) នេះ បន្ទាប់ពីភ្នំភ្លើងមួយ បានបញ្ចេញឧស្ម័នបង្កគ្រោះថ្នាក់ ខណៈអ្នកជំនាញបានព្រមានអំពីការផ្ទុះដែលអាចកើតមាន។
រដ្ឋបាលក្នុងតំបន់នៃទីក្រុង Canlaon នៅក្បែរនោះ បាននិយាយថា អ្នកស្រុកប្រហែល ៣០០នាក់នៃភូមិនានា ក្នុងចម្ងាយ ៤គីឡូម៉ែត្រពីមាត់ភ្នំភ្លើង Kanlaon នៅភាគកណ្តាលប្រទេស ត្រូវបានជម្លៀសចេញកាលពីថ្ងៃអង្គារ (ទី១០ ខែកញ្ញា) ដើម្បីជាការប្រុងប្រយ័ត្ន។
អ្នកនាំពាក្យទីក្រុង លោកស្រី Edna Lhou Masicampo បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃទី១១ ខែកញ្ញានេះថា អ្នកជម្លៀសបានទៅជ្រកកោនបណ្តោះអាសន្ន នៅសាលារៀន និងមជ្ឈមណ្ឌលសហគមន៍ ដែលនៅឆ្ងាយពីភ្នំភ្លើងនេះ។ អ្នកស្រីបន្តថា «អ្នកភូមិនៅក្បែរជើងភ្នំភ្លើង បានត្អូញត្អែរ អំពីក្លិនស្ពាន់ធ័រឆួលខ្លាំង» ដោយបន្ថែមថា អ្នកស្រុកភាគច្រើនជាកសិករ។
ថ្នាក់រៀនត្រូវបានផ្អាក ហើយកន្លែងទេសចរណ៍មួយចំនួន នៅក្នុងទីក្រុង ដែលមានមនុស្សប្រមាណជា ៦០.០០០នាក់នេះ ត្រូវបានបិទនៅថ្ងៃទី១១ ខែកញ្ញានេះ ដោយសារការព្រមានអំពីភ្នំភ្លើងនេះ។
ការបំភាយឧស្ម័នស្ពាន់ធ័រឌីអុកស៊ីតជាមធ្យមប្រចាំថ្ងៃរបស់ភ្នំភ្លើង Kanlaon មានកម្រិតស្ទើរតែ ៣ដង ដោយមានចំនួន ៩.៩៨៥តោន កាលពីថ្ងៃទី១០ ខែកញ្ញា៕