ឧត្តរមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត ម៉ាកហាយឡិនឌ័រ បានបែកកង់រេចង្កូត បណ្តាលឲ្យបុករះតូបលក់សាច់ជ្រូក និងតូបធ្វើគោយន្តរងការខូចខាត និងមនុស្សប្រុសស្រី៤នាក់ រងរបួសធ្ងន់-ស្រាល ។
យោងតាមប្រភពឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បង្កឡើងដោយរថយន្ដម៉ាកហាយឡិនឌ័រ ពាក់ស្លាកលេក ភ្នំពេញ ២Z ២៧៦២ បើកបរមកពីទិសខាងត្បូង ទៅទិសខាងជើងសំដៅទៅអូរស្មាច់ លុះមកដល់ចំណុចកើតហេតុ ភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក៏បានរេចង្កូតមកទិសខាងឆ្វេងដៃ បណ្តាលឲ្យបុករះតូបលក់សាច់ជ្រូក និងតូបធ្វើគោយន្ត និងមនុស្សប្រុសស្រីចំនួន៤នាក់រងរបួសធ្ងន់ ស្រាល ។
ប្រភពដដែល បានបន្ដថា រថយន្តបង្កហេតុ ជារថយន្តរបស់ប៉ូលិស ធ្វើការនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្នកម្លាំងជំនាញ យករថយន្ដបង្កហេតុមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីដោះស្រាយបន្តតាមនីតិវិធីច្បាប់៕




