ការស្ទង់មតិរបស់សារព័ត៌មាន CNN បង្ហាញថា អ្នកបោះឆ្នោតដែលបានមើលការជជែកដេញដោលភាគច្រើន ជឿថា អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ធ្វើបានល្អជាងលោក Donald Trump នៅក្នុងកម្មវិធីជជែកដេញដោលប្រធានាធិបតីរបស់ពួកគេដែលទើបបញ្ចប់ទៅ។
យោងតាមការស្ទង់មតិ ៦៣ភាគរយនៃអ្នកដែលបានមើលកម្មវិធីនេះ បាននិយាយថា លោកស្រី Harris ពិតជាបានធ្វើបានល្អមែន ខណៈ ៣៧ភាគរយ ពេញចិត្តអតីតប្រធានាធិបតីលោក Trump។ នៅមុនការជជែកដេញដោលនេះ អ្នកមើលត្រូវបានបែងចែកក្នុងចំនួនស្មើគ្នា ជុំវិញថា តើបេក្ខជនណា នឹងធ្វើបានល្អជាង។

ជាមួយគ្នានេះ ការស្ទង់មតិក៏បង្ហាញផងដែរថា ការពេញចិត្តនឹងគុណសម្បត្តិរបស់លោកស្រី Harris មានភាពប្រសើរឡើងក្នុងចំណោមអ្នកមើលកម្មវិធីជជែកដេញដោលនេះ ដោយកើនឡើងដល់ ៤៥ភាគរយ ដោយឡើងពីកម្រិត ៣៩ភាគរយ នៅមុនការជជែកដេញដោល។ ផ្ទុយទៅវិញ ការពេញចិត្តនឹងគុណសម្បត្តិរបស់លោក Trump នៅតែមិនផ្លាស់ប្តូរ គឺ ៣៩ភាគរយ ស្រដៀងទៅនឹងកម្រិតមុនការជជែកដេញដោលនេះ។ លោកស្រី Harris ទទួលបានការគាំទ្រកាន់តែច្រើន ក្នុងចំណោមអ្នកឯករាជ្យផ្នែកនយោបាយ ដោយការពេញចិត្តលើរូបលោកស្រី បានកើនឡើងពី ៣០ភាគរយ ទៅ ៤៨ភាគរយ ក្រោយចប់កម្មវិធីជជែកដេញដោល។

ទោះបីជាមានការជជែកដេញដោលនេះក៏ដោយ ក៏អ្នកចុះឈ្មោះបោះឆ្នោត ៨២ភាគរយ ដែលបានមើលកម្មវិធីនេះ បាននិយាយថា វាមិនប៉ះពាល់ដល់ជម្រើសប្រធានាធិបតីរបស់ពួកគេនោះទេ។ ក្នុងចំណោមអ្នកដែលបានពិចារណាឡើងវិញ ក្រុមអ្នកគាំទ្រលោក Trump ទំនងជាបង្ហាញនូវភាពរារែកជាងអ្នកគាំទ្រលោកស្រី Harris។
តែយ៉ាងណាក្ដី ការស្ទង់មតិដែលធ្វើឡើងជាមួយអ្នកបានមើលការជជែកដេញដោលចំនួន ៦០៥នាក់ បង្ហាញថា ថ្វីត្បិតលោកស្រី Harris បង្ហាញពីភាពខ្លាំង ក្នុងការជជែកដេញដោលនេះ ក៏បញ្ហាធំៗ ដូចជាសេដ្ឋកិច្ច និងអន្តោប្រវេសន៍ជាដើម នៅតែផ្ដល់ភាពចំណេញដល់លោក Trump៕
