រូបភាពវីដេអូឃ្លីបរបស់កងទ័ពអ៊ីស្រាអែលដែលបានបញ្ចេញកាលពីថ្ងៃអង្គារ ឃើញផ្លូវរូងក្រោមដី ជាទីដែលចំណាប់ថ្នូរ ៦នាក់ ត្រូវបានចាប់រក្សាទុកនៅទីនោះ និងត្រូវបានសម្លាប់ដោយក្រុមហាម៉ាស់ ។
ពួកគេបានបញ្ចេញរូបភាពវីដេអូឃ្លីបនេះដល់សាធារណជន ក្រោយត្រូវបានមើលដោយក្រុមគ្រួសាររបស់ពួកគេ និងគណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអែល ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយពីទីតាំង និងកាលបរិច្ឆេតថតវីដេអូមួយនេះ ។
លោកឧត្តមនាវីទោ Daniel Hagari និយាយថា ចំណាប់ថ្នូរ ត្រូវបានសម្លាប់នៅយប់ថ្ងៃទី ២៩ ខែសីហា ហើយសាកសពរបស់ពួកគេ ត្រូវបានរកឃើញក្នុងទីក្រុង Rafah នៅតំបន់ភាគខាងត្បូងហ្កាហ្សា រយៈពេលប្រហែល ២ថ្ងៃក្រោយមក ។
ចំណាប់ថ្នូរ ៥នាក់ ក្នុងចំណោមពួកគេ ៦នាក់ ដែលត្រូវបានសម្លាប់នេះ ត្រូវបានចាប់ពីពិធីបុណ្យ Nova ដែលរងការវាយប្រហារដោយក្រុមជីវពលហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុន ។
ការសម្លាប់នេះដែរ បង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំង និងទុក្ខក្រៀមក្រំជាទម្ងន់នៅក្នុងប្រទេសអ៊ីស្រាអែល ។
សូមបញ្ជាក់ថា កិច្ចខិតខំទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា រួមទាំងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរដែលនៅសេសសល់ បានជាប់គាំងដដែល បើទោះបីជាមានការសម្របសម្រួលពីអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិកក៏ដោយ ៕


