ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ដែលរង់ចាំចូលប្រទេសប្រេស៊ីល និយាយកាលពីថ្ងៃអង្គារថា សហគមន៍អន្តរជាតិ បានបោះបង់ចោលពួកគេ ។
ជនអន្តោប្រវេសន៍ទាំងអស់នេះ ដែលរង់ចាំរយៈពេលច្រើនម៉ោង និងរយៈពេលច្រើនថ្ងៃនៅបរិវេនអគារការិយាល័យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UNHRC) ស្ថិតក្នុងទីក្រុងព្រំដែន Paracaima របស់ប្រេស៊ីល បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេពុំបានមើលឃើញការគាំទ្រនាពេលខាងមុខណាមួយពីប្រទេសដទៃនោះទេ ហើយនិងអង្គការអន្តរជាតិដែលអាចមានសក្តានុពល ក្នុងការផ្លាស់ប្តូរឆាកនយោបាយវេណេស៊ុយអេឡា ។

ជើងហោះហើរទៅកាន់ប្រទេសអេស្ប៉ាញរបស់អតីតបេក្ខជនគណបក្សប្រឆាំងវេណេស៊ុយអេឡាលោក Edmundo Gonzalez ធ្វើឲ្យលែងមានក្តីសង្ឃឹមសម្រាប់ការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសមួយនេះ ស្របពេលដែលប្រធានាធិបតីកាន់អំណាចយូរ Nicolas Maduro បដិសេធន៍ការរិះគន់អន្តរជាតិចំពោះការរៀបចំការបោះឆ្នោតជម្លោះកាលពីខែកក្កដាកន្លងទៅ ។
ក្រុមមន្រ្តីរៀបចំការបោះឆ្នោត និងតុលាការកំពូលវេណេស៊ុយអេឡា បាននិយាយថា ការបោះឆ្នោតកាលពីថ្ងៃទី ២៨ ខែកក្កដា ត្រូវបានឈ្នះដោយអ្នកសង្គមនិយមគឺលោក Maduro ដែលបានកាន់អំណាច ចាប់តាំងពីឆ្នាំ ២០១៣រហូតមក ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មនុស្សជាង ៧,៧លាននាក់ បានចាកចេញពីប្រទេសវេណេស៊ុយអេឡា ហើយមនុស្សជាច្រើនទៀត គ្រោងនឹងរត់ភៀសខ្លួន ។
នគរបាលសហព័ន្ធប្រេស៊ីល បាននិយាយថា កាលពីខែសីហាកន្លងទៅ ពលរដ្ឋវេណេស៊ុយអេឡា ១២,៣២៥នាក់ បានធ្វើដំណើរទៅដល់ទីក្រុង Pacaraima ពោលគឺកើនឡើងពីចំនួន ៨.០៥០នាក់ កាលពីខែមិថុនា ៕
