អ្នកពន្លត់អគ្គិភ័យម្នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ នៅក្នុងប្រទេសឈីលី ដែលរងការចោទប្រកាន់ថារួមគំនិតឲ្យមានភ្លើងឆេះព្រៃសម្លាប់មនុស្ស ១៣៧នាក់ នៅតំបន់ភាគកណ្តាលឈីលី កាលពីខែកុម្ភៈ ។
លោក Elias Antonio Salazar ត្រូវបាននាំខ្លួនទៅកាន់អគារនគរបាលស៊ើបអង្កេតឈីលី ស្ថិតក្នុងទីក្រុង Valparaiso ក្រោយពីបណ្តេញចេញពីការងារនៅក្រុមសេវាកម្មឆ្លើយតប និងការពារគ្រោះមហន្តរាយជាតិ ជាកន្លែងដែលលោកបានបម្រើការងាររហូតដល់ការឃាត់ខ្លួនរបស់លោក ។
លោក Salazar គឺជាជនសង្ស័យទី ៣ ដែលត្រូវបានចាប់ខ្លួនក្នុងករណីមួយនេះ បន្ទាប់ពីក្រុមអាជ្ញាធរករឃើញថាមានការជាប់ពាក់ព័ន្ធជាមួយអ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តម្នាក់ និងមន្រ្តីព្រៃឈើឈីលីម្នាក់ កាលពីខែឧសភា ។
កាលពីខែកុម្ភៈ ភ្លើងឆេះព្រៃ បានឆាបឆេះទីក្រុងតំបន់ឆ្នេរ Vina del Mar និងទីក្រុង Valparaiso ដោយលេបត្របាក់ផ្ទះសម្បែង និងរចនាសម្ព័ន្ធរាបដល់ដី ។
វាគឺជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតវាយប្រហារប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ចាប់តាំងពីការរញ្ជួយដី និងរលកស៊ូណាមិឆ្នាំ ២០១០ ដែលបណ្តាលឲ្យមនុស្សជាង ៥០០នាក់ បាត់បង់ជីវិត ៕


