វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី១១ ខែកញ្ញា) នេះ បាននិយាយថា ខ្លួនពិតជាមិនចូលចិត្តវិធីដែលឈ្មោះរបស់លោក Vladimir Putin ត្រូវបានយកទៅដាក់បញ្ជូល នៅក្នុងកម្មវិធីជជែកដេញដោលប្រធានាធិបតីអាមេរិក រវាងលោកស្រី Kamala Harris និងលោក Donald Trump ហើយបានជំរុញឲ្យពួកគេបញ្ឈប់ការទាញយកប្រធានាធិបតីរបស់ខ្លួនចូលទៅក្នុងជម្លោះនយោបាយរបស់ពួកគេ។
អ្នកនាំពាក្យរបស់ប្រធានាធិបតី លោក Putin គឺលោក Dmitry Peskov កំពុងនិយាយនៅក្រោយមួយសប្តាហ៍ បន្ទាប់ពីមេដឹកនាំវិមានក្រឹមឡាំង បានលើកឡើងនៅក្នុងសុន្ទរកថាមួយថា លោកពេញចិត្តលោកស្រី Harris ជាងលោក Trump រហូតជំរុញឲ្យសេតវិមាននិយាយថា លោក Putin គួរតែឈប់ធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការបោះឆ្នោតខែវិច្ឆិកាខាងមុខ។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា វិមានក្រឹមឡាំងមិនបានតាមដានដោយផ្ទាល់នូវការជជែកដេញដោល កាលពីយប់ថ្ងៃអង្គារ (ទី១០ ខែកញ្ញា) នោះទេ ប៉ុន្តែបានតាមដានរបាយការណ៍ព័ត៌មានអំពីកម្មវិធីនេះ។
លោកបានប្រាប់ថា៖ «ពិតណាស់ យើងសង្កេតឃើញថា បេក្ខជនទាំង២ បានលើកឡើងពីប្រធានាធិបតីរបស់យើង និយាយអំពីប្រទេសរបស់យើង។ ពិតណាស់ ជំហរ គឺច្បាស់ណាស់ ពោលគឺសហរដ្ឋអាមេរិកទាំងមូល មិនថា បេក្ខជនមកពីគណបក្សណាក៏ដោយ បន្តរក្សាឥរិយាបថអវិជ្ជមាន ដែលជាឥរិយបថមិនមែនមិត្ត ចំពោះប្រទេសយើង»។
លោក Peskov បានបន្ថែមថា៖ «ឈ្មោះរបស់លោក Putin ត្រូវបានប្រើប្រាស់ជាឧបករណ៍មួយ ក្នុងការតស៊ូនយោបាយ ក្នុងស្រុក នៅសហរដ្ឋអាមេរិក យើងពិតជាមិនចូលចិត្តទាល់តែសោះ ហើយយើងសង្ឃឹមថា ពួកគេនឹងមិនពាក់ព័ន្ធជាមួយនឹងឈ្មោះប្រធានាធិបតីរបស់យើង»៕