ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន ទូរទស្សន៍ និងបន្ទះឈីបអង្គចងចាំដ៏ធំជាងគេរបស់ពិភពលោក កំពុងកាត់បន្ថយបុគ្គលិកនៅបរទេសរហូតដល់ ៣០ភាគរយ នៅផ្នែកមួយចំនួន។ នេះបើតាមប្រភពចំនួន៣ ដែលដឹងបញ្ហានេះដោយផ្ទាល់ បានប្រាប់សារព័ត៌មាន Reuters។
ប្រភពចំនួន២ បាននិយាយថា ក្រុមហ៊ុន Samsung ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង បានបញ្ជាឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅទូទាំងពិភពលោកកាត់បន្ថយបុគ្គលិកផ្នែកលក់ និងទីផ្សារប្រហែល ១៥ភាគរយ ហើយនិងបុគ្គលិករដ្ឋបាលរហូតដល់ ៣០ភាគរយ។
ជាមួយគ្នានេះ បុគ្គលម្នាក់ បាននិយាយថា ផែនការនេះនឹងត្រូវអនុវត្តនៅចុងឆ្នាំនេះ ហើយនឹងប៉ះពាល់ដល់ការងារ នៅទូទាំងសហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និងអាហ្វ្រិក។ ចំណែកមនុស្ស ៦នាក់ផ្សេងទៀត ដែលដឹងពីបញ្ហានេះ ក៏បានបញ្ជាក់ផងដែរពីគម្រោងកាត់បន្ថយចំនួនមនុស្សទូទាំងពិភពលោករបស់ក្រុមហ៊ុន Samsung នេះ។
យ៉ាងណាក្ដី គេនៅមិនច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់ នឹងត្រូវបានបញ្ឈប់ពីការងារ ហើយប្រទេសណា និងអង្គភាពអាជីវកម្មណាខ្លះដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ចំណែកប្រភពទាំងនោះបានបដិសេធមិនបញ្ចេញឈ្មោះ ដោយសារទំហំ និងព័ត៌មានលម្អិតនៃការកាត់បន្ថយការងារនេះ នៅតែជាការសម្ងាត់ដដែល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Samsung បានឲ្យដឹងថា ការកែសម្រួលកម្លាំងពលកម្មដែលធ្វើឡើង ចំពោះប្រតិបត្តិការក្រៅប្រទេសមួយចំនួន គឺជាកិច្ចការធម្មតា ហើយមានគោលបំណងធ្វើឲ្យប្រសិទ្ធភាពប្រសើរឡើង។ ក្រុមហ៊ុនបានបញ្ជាក់ថា មិនមានគោលដៅជាក់លាក់ណាមួយ សម្រាប់ផែនការនេះទេ ដោយបន្ថែមថា ពួកគេមិនប៉ះពាល់ដល់បុគ្គលិកផលិតកម្មរបស់ខ្លួនឡើយ៕