រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នៅថ្ងៃពុធ (ទី១១ ខែកញ្ញា) បាននិយាយថា ទីក្រុងតេអេរ៉ង់មិនបានបញ្ជូនមីស៊ីលបាលីស្ទិកណាមួយទៅឲ្យប្រទេសរុស្ស៊ីនោះឡើយ ហើយទណ្ឌកម្មដែលដាក់លើអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិក និងប្រទេសមហាអំណាចអឺរ៉ុបចំនួន៣ (E3) នឹងមិនដោះស្រាយបញ្ហាណាមួយ រវាងពួកគេទេ។
តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គម X រដ្ឋមន្ត្រី លោក Abbas Araqchi បានឲ្យដឹងថា៖ «ជាថ្មីម្តងទៀត សហរដ្ឋអាមេរិក និង E3 (អង់គ្លេស អាល្លឺម៉ង់ និងបារាំង) ចាត់វិធានការ តាមរយៈការផ្ដល់ព័ត៌មានស៊ើបការណ៍សម្ងាត់មិនត្រឹមត្រូវ និងកំហុសឆ្គងតក្កវិជ្ជា។ ប្រទេសអ៊ីរ៉ង់មិនបានបញ្ជូនមីស៊ីលបាលីស្ទិកទៅឲ្យរុស្ស៊ីទេ។ ក្នុងដំណាក់កាលនេះ ទណ្ឌកម្មមិនមែនជាដំណោះស្រាយទេ ប៉ុន្តែជាចំណែកនៃបញ្ហា»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃអង្គារ (ទី១០ ខែកញ្ញា) បាននិយាយថា រុស្ស៊ីបានទទួលមីស៊ីលបាលីស្ទិកពីអ៊ីរ៉ង់ ហើយទំនងជានឹងយកទៅប្រើប្រាស់ នៅប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការ រវាងទីក្រុងមូស្គូ និងតេអេរ៉ង់ បានគំរាមកំហែងដល់សន្តិសុខអឺរ៉ុបកាន់តែធំឡើងៗ។
សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស និងបារាំង កាលពីថ្ងៃអង្គារ បានដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ក្នុងនោះរួមទាំងវិធានការប្រឆាំងនឹងក្រុមហ៊ុនអាកាសចរណ៍ជាតិ Iran Air របស់ប្រទេសនេះផងដែរ។ វិមានក្រឹមឡាំងនៅថ្ងៃពុធនេះ បានច្រានចោលរបាយការណ៍ ដែលថា អ៊ីរ៉ង់បានដឹកជញ្ជូនមីស៊ីលទៅរុស្ស៊ី ដោយនិយាយថា ការអះអាងអំពីការផ្ទេរអាវុធផ្សេងៗ គឺគ្មានមូលដ្ឋាននោះឡើយ៕


