ក្រុមបាតុករប្រឆាំងសង្រ្គាម និងនគរបាល បានប៉ះទង្គិចគ្នានៅក្រៅពិព័រណ៍ការពារជាតិ ស្ថិតក្នុងទីក្រុងធំបំផុតទី ២ Melbourne របស់ប្រទេសអូស្រ្តាលី នាថ្ងៃពុធនេះ ក្នុងនោះមនុស្សរាប់សិបនាក់ ត្រូវបានចាប់ខ្លួន ពេលដែលក្រុមនគរបាល ព្យាយាមគ្រប់គ្រងហ្វូងមនុស្សដែលប្រើអំពើហិង្សា ។
លោក Shane Patton គឺជាស្នងការនគរបាលរដ្ឋ Victoria បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា មន្រ្តីនគរបាលរាប់សិបនាក់ ទទួលការព្យាបាលរបួសស្រាល ហើយមនុស្ស ៣៩នាក់ ត្រូវបានចាប់ខ្លួន សម្រាប់ការបំពាន រួមទាំងការវាយតប់ រារាំងនគរបាល ដុតភ្លើង និងបិទផ្លូវ ។
លោក Patton បន្តថា ក្រុមបាតុករ នាំគ្នាដុតភ្លើងតាមផ្លូវ ធ្វើឲ្យអាក់ខានដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូនសាធារណៈ ស្របពេលដែលពួកគេចោលកាំជ្រួចលើសេះរបស់នគរបាល ប៉ុន្តែពុំមានករណីរងរបួសធ្ងន់ធ្ងរ ត្រូវបានរាយការណ៍នោះទេ ។
ក្រុមអាជ្ញាធរ និយាយថា មនុស្សប្រហែល ១.២០០នាក់ បានចូលរួមបាតុកម្មនៅក្រៅទីតាំងរៀបចំពិព័រណ៍ការពារជាតិ Land Forces International Land Defence Exposition ។
ពួកគេជាច្រើន នាំគ្នាស្រែកពាក្យស្លោកគាំទ្រប៉ាឡេស្ទីន តាមឧបករណ៍បំពងសំឡេង និងគ្រវីទង់ប៉ាឡេស្ទីន ៕


