នៅថ្ងៃពុធនេះ ជនប៉ាឡេស្ទីនមួយចំនួន បានចាកចេញពីផ្ទះរបស់ពួកគេ និងស្វែងទីជម្រកនៅក្នុងព្រះវិហារ ស្ថិតក្នុងទីក្រុង Tulkarm ពេលដែលប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតែបន្ត ក្នុងតំបន់កាន់កាប់វ៉េសប៊ែង ។
កងកម្លាំងអ៊ីស្រាអែល បានចុះប្រតិបត្តិការយោធាជាបន្តបន្ទាប់នៅតំបន់ភាគខាងជើងវ៉េសប៊ែង អស់រយៈពេល ២សប្តាហ៍កន្លងមកនេះ ជាមួយនឹងការវាយឆ្មក់លើទីក្រុង Tubas, Jenin និងទីក្រុង Tulkarm ។
ទីក្រុងទាំង ៣នេះ មានវត្តមានរបស់ក្រុមប្រដាប់អាវុធជាច្រើន រួមទាំងក្រុមជីវពលហាម៉ាស់ ក្រុមជីហាដអ៊ីស្លាម និងក្រុមហ្វាតា ។
លោក Qais Ambar គឺជាជនប៉ាឡេស្ទីនមួយរូបមកពីជំរំក្នុងទីក្រុង Tulkarm និយាយថា កងកម្លាំងអ៊ីស្រាអែល បានបង្ខំរូបលោក និងគ្រួសារលោកឲ្យចាកចេញពីផ្ទះរបស់ពួកគេ ក្រោយពួកគេបំផ្លាញវាចោល ។
លោកបន្តថា គ្រួសាររបស់លោក បានជ្រកកោនបណ្តោះអាសន្ននៅក្នុងព្រះវិហារ Omar Ben Al-Khatab ស្ថិតក្នុងទីក្រុង Tulkarm ៕