បាល់ទាត់៖ ក្លិបបាល់ទាត់បារាំង Paris Saint Germain បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នឹងអវត្តមានពីការប្រកួតយប់នេះទល់នឹង Metz ដោយសាររបួសជង្គង់ខាងឆ្វេង។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានទទួលការពិនិត្យ និងស្កេន MRI នៅថ្ងៃអង្គារម្សិលមិញឃើញថាមានរបួសនេះ។ តាំងពីផ្ទេរមកកាន់ PSG, Lionel Messi នៅមិនទាន់រកបានគ្រាប់បាល់ដំបូងនៅឡើយ ខណៈដែលការប្រកួតចុងសប្តាហ៍កន្លងទៅពេល PSG ឈ្នះ Lyon ២-១ នោះ គេត្រូវបានផ្លាស់ប្តូរចេញនៅនាទីទី៧៦ និងបានសំដែងការមិនពេញចិត្តចំពោះអ្នកចាត់ការ Mauricio Pochettino ផងដែរ។ ជុំវិញបញ្ហានេះអតីតអ្នកចាត់ការ Spurs រូបនេះបានពន្យល់ថា ពេលខ្លះកីឡាករមិនមានអារម្មណ៍ល្អឡើយនៅពេលផ្លាស់ចេញ នេះជារឿងដែលកើតមានឡើងច្រើនហើយ ហើយលោកនៅតែការពារការសំរេចចិត្តនេះទោះបីពេលខ្លះត្រូវ ពេលខ្លះក៏ខុស បាល់ទាត់គឺបែបនេះ។
Lionel Messi បានចូលលេងទាំងជាកីឡាករបម្រុង និងចាប់ផ្តើម ១១នាក់រួចហើយនៅ PSG នេះតែនៅតែមិនអាចរកគ្រាប់បាល់បាន ពោលគឺគ្មានសំណាងដោយឱកាសជាច្រើនឃើញមានដែរ តែបានត្រឹមបុករបារទី ១លើកជា ២លើក៕
អត្ថបទ៖នាង សុភាវុធ