ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ ទី១១ កញ្ញា បានធ្លាក់ទៅលើសាលារៀនតំបន់ហ្កាហ្សាភាគកណ្តាល ដោយទីភ្នាក់ងារការពារជនស៊ីវិលនៅដែនដីគ្រប់គ្រងដោយក្រុមហាម៉ាសបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១៤នាក់ស្លាប់នៅក្នុងទីតាំងដែលត្រូវបានប្រែក្លាយទៅជាទីជម្រកសម្រាប់ជនភៀសខ្លួន ហើយយោធាបាននិយាយថា ខ្លួនបានកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធ។

ភាគច្រើននៃប្រជាជន២,៤លាននាក់នៅតំបន់ហ្កហ្សាស្ទ្រីប បានភៀសខ្លួនចេញយ៉ាងហោចណាស់ម្តងដោយសារតែសង្រ្គាម បង្កឡើងដោយការវាយប្រហាររបស់ហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា លើប្រទេសអ៊ីស្រាអែល ដោយមនុស្សជាច្រើនកំពុងស្វែងរកទីសុវត្ថិភាពនៅតាមអគារសិក្សា។

កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារលើសាលារៀនជាច្រើនកន្លែងក្នុងប៉ុន្មានខែចុងសក្រោយនេះ ដោយនិយាយថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកំពុងធ្វើប្រតិបត្តិការនៅទីនោះ និងកំពុងលាក់ខ្លួននៅក្នុងចំណោមជនស៊ីវិលដែលភៀសខ្លួន ប៉ុន្តែការចោទប្រកាន់ត្រូវបានបដិសេធដោយក្រុមហាម៉ាស។ យោធាអ៊ីស្រាអែល បាននិយាយថា កម្លាំងទ័ពអាកាសរបស់ខ្លួន បានធ្វើការវាយប្រហារស៊ីបគោលដៅលើក្រុមភេរវករ ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងមជ្ឈមណ្ឌលទីបញ្ជាការ និងគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅបរិវេណសាលារៀន ដោយពុំបានបញ្ជាក់លម្អិតអំពីលទ្ធផល ឬអត្តសញ្ញាណនៃអ្នកដែលត្រូវបានកំណត់គោលដៅនោះទេ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បាននិយាយថា ជនភៀសខ្លួនប្រហែល ៥.០០០នាក់ កំពុងជ្រកកោននៅសាលារៀននេះ ដែលធ្លាប់ត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) នៅពេលដែលសាលារៀនត្រូវបានវាយប្រហារ កាលពីថ្ងៃពុធ។