ក្រុមពលរដ្ឋហៃទីសញ្ជាតិអាមេរិកបាននិយាយថា ពួកគេភ័យខ្លាចចំពោះសុវត្ថិភាពរបស់ខ្លួន បន្ទាប់ពីលោក Donald Trump បានអះអាងមិនពិតម្តងទៀត និងបែបប្រមាថមើលងាយអំពីជនអន្តោប្រវេសន៍នៅក្នុងរដ្ឋ អូហាយយ៉ូ (Ohio) ក្នុងអំឡុងពេលការជជែកដេញដោលបេក្ខជនប្រធានាធិបតីនៅសប្តាហ៍នេះ ។

បណ្ដាមេដឹកនាំសហគមន៍ហៃទីនៅទូទាំងសហរដ្ឋអាមេរិកបាននិយាយថា ការលើកឡើងរបស់បេក្ខជនបក្សសាធារណរដ្ឋរូបនេះពីជនអន្តោប្រវេសន៍ដែលបរិភោគសត្វចិញ្ចឹមរបស់អ្នកស្រុកក្នុងអំឡុងពេលជជែកដេញដោលរបស់លោកជាមួយអនុប្រធានគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris អាចធ្វើឱ្យជីវិតមនុស្សប្រឈមនឹងហានិភ័យ និងមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងទីក្រុង ស្ព្រីងហ្វីល (Springfield) រដ្ឋ Ohio ជាទីដែលការមកដល់នៃជនអន្តោប្រវេសន៍ហៃទីរាប់ពាន់នាក់នាពេលថ្មីៗនេះ បានជំរុញសេដ្ឋកិច្ចក្នុងតំបន់ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់ដល់សំណាញ់សុវត្ថិភាពផងដែរ ។

ការលើកឡើងកាលពីថ្ងៃអង្គាររបស់លោក Trump ដែលថា «អ្នកដែលមកដល់ទាំងនោះកំពុងបរិភោគសត្វសុនខ សត្វឆ្មា» គឺជាពាក្យមិនពិតចុងក្រោយបង្អស់អំពីជនអន្តោប្រវេសន៍ដែលបានកំណត់អាជីពនយោបាយរបស់លោក។
មន្ត្រីក្រុងនិយាយថា ពួកគេមិនបានទទួលរបាយការណ៍គួរឱ្យទុកចិត្តណាមួយដែលថាមានអ្នកណាម្នាក់បរិភោគសត្វចិញ្ចឹមនោះទេ។ លោកស្រី ឃែរិន ហ្រ្គេវស៍ (Karen Graves) អ្នកនាំពាក្យទីក្រុងបាននិយាយថា លោកស្រីមិនបានដឹងពីឧក្រិដ្ឋកម្មស្អប់ខ្ពើមនាពេលថ្មីៗនេះដែលផ្តោតលើអ្នកស្រុកហៃទីនោះទេ ប៉ុន្តែថាមានអ្នកខ្លះជាជនរងគ្រោះនៃ «ឧក្រិដ្ឋកម្មបែបឆក់កាស» ដូចជាការលួចទ្រព្យសម្បត្តិជាដើម។
សារព័ត៌មាន ហៃទីថែមស៍ (Haitian Times) បានរាយការណ៍ថា ក្រុមគ្រួសារជនជាតិហៃទីមួយចំនួននៅក្រុង Springfield រដ្ឋ Ohio កំពុងហាមមិនឱ្យកូនៗទៅសាលារៀន ខណៈប្រភពផ្សេងទៀតបានប្រាប់ថា ពួកគេទទួលរងនូវការគំរាមកំហែង ការវាយដំ និងការបំភិតបំភ័យនៅមុខលំនៅឋានរបស់ពួកគេ ស្របពេលវោហាសាស្ត្រប្រកាន់ពូជសាសន៍ត្រូវបានពង្រីកដោយប្រព័ន្ធផ្សព្វផ្សាយសង្គម៕