ក្រុមបាតុករប្រឆាំងសង្គ្រាមបានបន្តតវ៉ានៅខាងក្រៅពិព័រណ៌ការពារជាតិនៅទីក្រុងមែលប៊ន (Melbourne) ដែលក្រុងធំបំផុតទីពីររបស់អូស្ត្រាលី សម្រាប់ថ្ងៃទីពីរនៅថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) នេះបន្ទាប់ពីការប៉ះទង្គិចដោយហិង្សារវាងនគរបាលនិងបាតុករកាលពីថ្ងៃពុធ បានធ្វើឱ្យមន្ត្រីជាច្រើននាក់រងរបួស។

ក្រុមអ្នកតវ៉ាបានដើរដង្ហែរតាមដងផ្លូវក្នុងទីក្រុង ខណៈនគរបាលបានបង្កើតរបាំងសន្តិសុខថ្មីដើម្បីរារាំងហ្វូងមនុស្សមិនឱ្យចូលទៅក្នុងផ្លូវនៅជិតទីតាំងរៀបចំពិព័រណ៌វិស័យការពារជាតិអន្តរជាតិរបស់កងទ័ពជើងគោក ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្ដង។

មន្ត្រីកុបកម្ម និងបុគ្គលិកជំនាញត្រូវបានដាក់ពង្រាយនៅក្នុងអ្វីដែលនគរបាលនិយាយថាជាប្រតិបត្តិការសន្តិសុខដ៏ធំបំផុតនៅទីក្រុងមែលប៊ន ចាប់តាំងពីវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០០០មក។ មន្រ្តីនគរបាលរាប់រយនាក់នៅក្នុងតំបន់ផ្សេងទៀតនៃរដ្ឋ វីកតូរៀ (Victoria) ក៏ត្រូវបានបញ្ជូនទៅកាន់ទីក្រុងមែលប៊នផងដែរ។
មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ខណៈនគរបាលប្រើគ្រាប់បែកអេប៉ុង និងឧបករណ៍នានាដើម្បីគ្រប់គ្រងផ្នែកខ្លះនៃហ្វូងបាតុករដែលអ្នកខ្លះគប់ដុំថ្ម លាមកសេះ និងដបទឹកដាក់មន្ត្រីនគរបាល។
មនុស្សប្រហែល ១.៥០០នាក់ បានតវ៉ានៅខាងក្រៅទីតាំងពិព័រណ៌នោះកាលពីថ្ងៃពុធ ជាមួយនឹងការស្រែកពាក្យតវ៉ាគាំទ្រប៉ាឡេស្ទីន ខណៈអ្នកផ្សេងទៀតកាន់ស្លាកតំណាងឱ្យជម្លោះផ្សេងទៀត។ ក្រុមអ្នកតវ៉ាបានចោទនគរបាលថាបានប្រើគ្រាប់កៅស៊ូ និងអាវុធផ្សេងទៀតដែលពួកគេនិយាយថា គួរតែត្រូវបានហាមឃាត់មិនឱ្យប្រើលើបាតុករ រួមទាំងថ្នាំបាញ់ម្រេច (ស្រ្ពេ) ផងដែរ៕