ប្រទេសចិន ចាប់ផ្តើមព្រឹត្តិការណ៍ការទូតយោធាប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) នេះដោយស្វះស្វែងពង្រីកការផ្សព្វផ្សាយរបស់ខ្លួនទៅកាន់បណ្ដាប្រទេសសកលលោកខាងត្បូង ស្របពេលមានភាពតានតឹងជាច្រើនក្នុងតំបន់ទាំងនៅសមុទ្រចិនខាងត្បូង និងជុំវិញកោះតៃវ៉ាន់។ ប្រទេស និងអង្គការអន្តរជាតិជាង៩០ នឹងបញ្ជូនតំណាង និងអ្នកសិក្សាទៅវេទិកា ស៊ាំងសាន (Xiangshan) ដែលត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នខ្ពស់ ហើយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៤ ខែកញ្ញា នៅទីក្រុងប៉េកាំង។

ទីក្រុងប៉េកាំង មានបំណងចង់លើកកម្ពស់ខ្លួនជាអ្នកយុទ្ធសាស្រ្តសន្តិសុខដ៏មានទំនួលខុសត្រូវក្នុងជម្លោះអន្តរជាតិ បើទោះបីជាមានការជាប់ពាក់ព័ន្ធនៅក្នុងជម្លោះទឹកដីជាច្រើននៅក្នុងតំបន់របស់ខ្លួនក៏ដោយ។ វេទិកាឆ្នាំនេះក្រោមប្រធានបទចំណងជើងថា «ការលើកកម្ពស់សន្តិភាពសម្រាប់អនាគតរួមគ្នា»។

សហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនលោក ម៉ៃខល ឆេស (Michael Chase) ជំនួយការរដ្ឋមន្ត្រីការពារជាតិសម្រាប់ប្រទេសចិន កោះតៃវ៉ាន់ និងម៉ុងហ្គោលី ទៅកាន់វេទិកានោះ។ លោក Chase មានឋានៈខ្ពស់ជាងមន្ត្រីអាមេរិកដែលបានចូលរួមព្រឹត្តិការណ៍នេះកាលពីឆ្នាំមុន ទោះជាឋានៈរបស់លោកស្របតាមបទដ្ឋានប្រវត្តិសាស្ត្រក៏ដោយ។
ភាពតានតឹងផ្នែកយោធារវាងអាមេរិក និងចិន មានស្ថិរភាពខ្លះក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារតែបណ្តាញទំនាក់ទំនងធម្មតាបានបើកឡើងវិញបន្ទាប់ពីផ្អាកអស់ពេលជិតពីរឆ្នាំ។ មានក្តីសង្ឃឹមខ្លះថាវត្តមានរបស់លោក Chase អាចបង្ហាញពីការចូលរួមកម្រិតការងារកាន់តែស៊ីជម្រៅជាមួយចិន ស្របពេលមានជម្លោះក្នុងតំបន់៕