សាលាបឋមសិក្សា ចតុមុខ ស្ថិតនៅសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ បច្ចុប្បន្នកំពុងក្លាយជាសាលាគំរូមួយ តាមរយៈការបង្វែរម៉ោងចេញលេងរបស់សិស្សមកជាការអានសៀវភៅវិញ ខណៈដែលការអាននេះពុំមែនជាការអាននៅក្នុងបណ្ណាល័យដែលជាកាលវិភាគសិក្សានោះទេ ប៉ុន្ដែជាសកម្មភាពអានបន្ថែមដែលសាលាមួយចំនួនកំពុងអនុវត្ត។
លោក សូ ធី នាយកគ្រប់គ្រង សាលាបឋមសិក្សា ចតុមុខ បញ្ជាក់ថា សាលាបានដាក់ចេញសកម្មភាពថ្មីនេះដោយមានការរៀបចំទូសៀវភៅ នៅពីមុខទីចាត់ការសាលា។ ការដាក់ទូសៀវភៅនៅខាងក្រៅបណ្ណាល័យនេះ ជាសកម្មភាពបន្ថែមដែលសិស្សកុមារតូចៗ អាចមកអង្គុយអានជុំគ្នាជាមួយមិត្តភក្តិ នៅម៉ោងចេញលេង ដែលកន្លងទៅកុមារប្រើប្រាស់ពេលវេលាទាំងនោះដើម្បីរត់លេង។
លោកនាយកលើកឡើងថា ការដាក់ទូសៀវភៅនៅពីមុខទីចាត់ការនេះ ជាសកម្មភាពក្រៅកាលវិភាគសិក្សា។ ជាក់ស្ដែងនៅក្នុងកាលវិភាគ គឺសិស្សគ្រប់ថ្នាក់មានម៉ោងចូលអានសៀវភៅនៅក្នុងបណ្ណាល័យ រួចទៅហើយ។
ការដាក់ទូសៀវភៅ នៅពីមុខទីចាត់ការនេះ កំពុងហុចផលជាបណ្ដើរៗ។ ផលដែលផ្ដល់មកនេះ គឺជាវត្តមានសិស្ស ដែលពួកគេមកជាក្រុម ជាមួយមិត្តរួមថ្នាក់ មកបើកទូចាប់សៀវភៅអាន នៅម៉ោងចេញលេង។ សកម្មភាពដដែល បានបង្កើតជាទម្លាប់ល្អ ក្នុងការអានសៀវភៅ។ អានបណ្ដើរ ញញឹមបណ្ដើរ កុមារទាំងនេះលើកឡើងថា ពួកគេមកអានជាប្រចាំនៅម៉ោងចេញលេង។ ពួកគេថា ការអានជួយឱ្យពួកគេកាន់មានចំណេះដឹង។
ពាក់ព័ន្ធនឹងការជំរុញ ការអាន រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតទិវាជាតិអំណាន កាលពីឆ្នាំ ២០១៥ ក្នុងគោលដៅសំខាន់បណ្ដុះទម្លាប់អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ។ ជារៀងរាល់ឆ្នាំ ទិវាជាតិអំណាន រៀបចំឡើងនៅថ្ងៃទី ១១ ខែមីនា ដែលវាជាថ្ងៃប្រសូត្ររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត៕ អត្ថបទ៖ គឹម ហុក









