សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជីវប្រវត្តិនៃការតស៊ូស្ទើរពេញមួយជីវិតរបស់សម្តេចដើម្បីរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហមហើយនាំប្រទេសកម្ពុជាមានការកសាងពីគំនរផេះផង់ និងមានផ្សះផ្សាបង្រួបបង្រួមជាតិនិងនាំមកនូវសន្តិភាព ការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ហើយដើម្បីការពារសន្តិភាពសម្តេចកំពុងត្រៀមរៀបចំនូវច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះទៅជាក្រុមភេរវកម្មនៅពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បង្ហាញសកលលោកបានយល់ដឹងបន្ថែមពីគុណបំណាច់ដ៏ធំធេង និងគោលគំនិតរបស់សម្តេចបែបនេះក្នុងឱកាសអញ្ជើញទៅខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស « ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សម្តេចបានគូសបញ្ជាក់ថា ឥឡូវនេះ យុវជនមួយចំនួនបានភ្លេចនៅគុណតម្លៃនៃសន្តិភាពជាបណ្ដើរៗ។ សម្ដេចបន្តថា ដើម្បីធានានូវបញ្ហានេះយើងត្រូវតែធ្វើឲ្យបានហ្មត់ចត់ បើនិយាយពីសន្តិភាពដែលកម្ពុជា ធ្លាប់មានពីអតីតកាលគឺខ្លីណាស់ ពោលកាលពីសង្គមរាស្ត្រនិយមមានត្រឹមតែ១៦ឆ្នាំ ហើយឥឡូវមាន២៦ឆ្នាំ ហើយយើងមិនត្រូវការត្រឹមតែ ២៦ឆ្នាំនេះទេគឺ យើងត្រូវការសន្តិភាពជារៀងរហូត៕