អ្នកនាំពាក្យអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានច្រានចោលចំពោះការចោទប្រកាន់របស់ក្រុម ហ៊ូទី ដែលថាស្ថាប័នពិភពលោកមួយនេះ និងដៃគូមនុស្សធម៌ជាច្រើនទៀត កំពុងប៉ុនប៉ងបំផ្លាញប្រព័ន្ធអប់រំរបស់ប្រទេសយេម៉ែន។

លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយថា «យើងច្រានចោលទាំងស្រុង នូវការចោទប្រកាន់ដែលធ្វើឡើងដោយក្រុមហ៊ូទី ដែលថាអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ(UNICEF) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ(UNESCO) និងដៃគូមនុស្សធម៌ផ្សេងទៀត បានឃុបឃិតគ្នាដើម្បីបំផ្លាញប្រព័ន្ធអប់រំរបស់ប្រទេសយេម៉ែន។
លោកនិយាយថា «សេចក្តីថ្លែងការណ៍មិនពិតបែបនេះ គឺគ្មានមូលដ្ឋាន ហើយថែមទាំងគំរាមកំហែងដល់សុវត្ថិភាពបុគ្គលិក និងរារាំងដល់សមត្ថភាពរបស់យើង និងដៃគូរបស់យើង ក្នុងការបម្រើប្រជាជនយេម៉ែន»។
លោក Dujarric និយាយថា ដោយមានកុមារជាង ៤,៥លាននាក់ នៅក្រៅសាលារៀនក្នុងប្រទេសយេម៉ែន អង្គការ UNICEF អំពាវនាវឱ្យអាជ្ញាធរក្រុមហ៊ូទី ដឹកនាំវិធីសាស្រ្តបែបស្ថាបនា និងសហការ ដោយធ្វើការរួមគ្នាជាមួយដៃគូទាំងអស់ ដើម្បីដោះស្រាយតម្រូវការចាំបាច់របស់កុមារទាំងអស់។
យើង សុំបញ្ជាក់ថា សុវត្ថិភាពរបស់បុគ្គលិកអង្គការសហប្រជាជាតិ ត្រូវតែបានគោរព និងធានា។
លោកនិយាយថា ទីភ្នាក់ងារ និងដៃគូរបស់អង្គការសហប្រជាជាតិ កំពុងធ្វើការដោយមិនគិតនឿយហត់ ដើម្បីដោះស្រាយផលប៉ះពាល់នៃស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរទៅលើប្រជាជនយេម៉ែន។