ឧត្ដរមានជ័យ៖ តាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ អាជ្ញាធរស្រុកអន្លង់វែង បានសាងសង់ស្ពានឈើថ្មីមួយកន្លែង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនកសិផលនានាពីភូមិមួយទៅភូមិមួយមកកាន់ទីផ្សារប្រកបដោយភាពរលូន ។
លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានឲ្យដឹងថា តាមរយៈវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល គឺបានផ្តល់អត្ថប្រយោជន៍ច្រើនចំពោះពលរដ្ឋ និងបានដឹងពីទុក្ខកង្វល់ជួយដោះស្រាយបញ្ហាប្រឈមនានា ក្នុងមូលដ្ឋានដែលខ្វះខាតរបស់ពលរដ្ឋ។
លោកអភិបាលស្រុកអន្លង់វែង បានបន្តថា ជាក់ស្តែងបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងការធ្វើដំណើរមានការលំបាកដោយស្ពានឈើមួយកន្លែង ត្រូវបានបាក់ទ្រុឌទ្រោមអស់រយៈពេលច្រើនឆ្នាំពុំទាន់មានការជួសជុលនោះទើបរូបលោកក្នុងនាមអាជ្ញាធរស្រុកបានទទួលយកនូវសំណូមរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការសិក្សាសាងសង់ស្ពានឈើថ្មីមួយកន្លែងនេះឡើងវិញ ក្នុងការជួយសម្រួលនូវទុកលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមានភាពល្អប្រសើរឡើងវិញ។
លោកបានបញ្ជាក់ថា ការសាងសង់ស្ពានឈើនេះមានប្រវែងរហូតដល់ទៅ៨៥ម៉ែត្រ ប៉ុន្តែយើងបង្រួមនៅសល់ត្រឹមតែប្រវែង៦០ម៉ែត្រទឹង៣,៥ម៉ែត្រតែប៉ុណ្តោះ ដើម្បីបញ្ចៀសមុខទឹកដែលមានទីតាំងស្ថិតនៅចំណុចភូមិទួលប្រាសាទ ឃុំផ្លាត ស្រុកអន្លង់វែង និងបានតភ្ជាប់ពីឃុំផ្លាតទៅឃុំត្រពាំងប្រិយ៍ ដែលកន្លងមកការលំបាកពេលរដូវវស្សាមកម្តងៗទឹកលិចលើស្ពាន មានកម្ពស់ជាងមួយម៉ែត្រ សិស្សានុសិស្សមិនអាចធ្វើដំណើរឆ្លងកាត់មកសាលារៀនបាននោះទេ។
លោកអភិបាលស្រុកអន្លង់វែង បានឲ្យដឹងទៀតថា ការសាងសង់ស្ពានឈើនេះ គ្រោងចំណាយថវិកាអស់ជាង២ម៉ឺនដុល្លារ ក្នុងនោះឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានជួយឧបត្ថម្ភថវិកា ៥០០០ដុល្លារអាមេរិក ដើម្បីជួយសម្រួលក្នុងសាងសង់ឲ្យបានរួចរាល់ចប់ជាស្ថាពរ នៅថ្ងៃខាងមុខ៕








