យុទ្ធនាការរបស់លោកស្រី Kamala Harris បានអំពាវនាវឱ្យមានការជជែកដេញដោលមួយផ្សេងទៀត បន្ទាប់ពីព្រឹត្តិការណ៍លើកដំបូងរវាងលោកស្រី Harris ទល់នឹងលោកអតីតប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារ ខណៈលោក Trump ហាក់បង្ហាញថាលោកមិនសាទរចំពោះការជជែកតទល់គ្នាម្ដងទៀតឡើយ។

ប្រធានយុទ្ធនាការរបស់លោកស្រី Harris គឺលោកស្រី ជែន អូម៉ាលី ឌីលឡន (Jen O'Malley Dillon) បាននិយាយនៅយប់ថ្ងៃអង្គារថា “ប្រជាជនអាមេរិកបានមើលឃើញជម្រើសដ៏ត្រឹមត្រូវលើសន្លឹកឆ្នោត រវាងការឆ្ពោះទៅមុខជាមួយលោកស្រី Harris ឬថយក្រោយទៅជាមួយលោក Trump ហើយនោះជាអ្វីដែលពួកគេគួរតែឃើញក្នុងការជជែកដេញដោលលើកទីពីរក្នុងខែតុលា” ដោយជំរុញឱ្យមានការតទល់លើកទីពីរជាមួយលោក Trump។

កាលពីព្រឹកថ្ងៃពុធ លោក Trump បានអះអាងថា ការជជែកដេញដោលដែលរៀបចំដោយទូរទស្សន៍ ABC News នោះជារឿង “បោកប្រាស់” ប្រឆាំងនឹងលោក។ លោកបានសាទរថាខ្លួនធ្វើបានល្អប្រឆាំងនឹងលោកស្រី Harris ហើយនិយាយថាលោកហាក់ “មិនសូវចង់” ជជែកតទល់ជាលើកទីពីរទេ “ព្រោះព្រឹត្តិការណ៍យប់ថ្ងៃអង្គារនោះជារឿងដ៏អស្ចារ្យរួចទៅហើយ” ប៉ុន្តែក៏បានបង្ហើបដែរថាលោកកំពុង “សម្លឹងមើល” ការជជែកមួយទៀតប្រឆាំងនឹងគូប្រជែងរបស់ខ្លួនជាមួយទូរទស្សន៍ NBC និង FOX ។
ថាតើយុទ្ធនាការទាំងពីរនឹងយល់ព្រមចំពោះការជជែកដេញដោលមួយផ្សេងទៀតឬយ៉ាងណានោះ នៅតែជាសំណួរបើកចំហនៅឡើយ៕