មន្ត្រីយោធាជាន់ខ្ពស់របស់ទីក្រុងប៉េកាំង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ នៅខាងក្រៅវេទិកាការពារជាតិថា ប្រទេសចិននឹង «កម្ទេច» ការទន្ទ្រានចូលណាមួយរបស់បរទេស ទៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន រួមទាំងនៅក្នុងសមុទ្រចិនខាងត្បូង។

ឧត្តមសេនីយ៍កងទ័ពចិន លោក He Lei បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯវេទិកា ស៊ែងសាន(Xiangshan) ថា «យើងសង្ឃឹមថា សមុទ្រចិនខាងត្បូង នឹងនៅតែជាសមុទ្រនៃសន្តិភាព»។
ប៉ុន្តែលោកបាននិយាយបន្ថែមថា «ប្រសិនបើសហរដ្ឋអាមេរិកផ្លាស់ប្តូរកូនអុករបស់ខ្លួននៅពីក្រោយហេតុការណ៍ ប្រសិនបើប្រទេសនេះរុញប្រទេសនានាទៅសមរភូមិជួរមុខ ឬប្រសិនបើសហរដ្ឋអាមេរិកខ្លួនឯងនៅទីបំផុតទៅដល់សមរភូមិជួរមុខ នោះយើងនៅក្នុងជួរកងទ័ពរំដោះប្រជាជនចិន នឹងពុំមានការអត់ធ្មត់ណាមួយទៀតឡើយ»។
លោកនិយាយថា «យើងនៅក្នុងជួរកងទ័ពរំដោះប្រជាជនចិន នឹងកម្ទេចដាច់ខាតនូវការទន្ទ្រានចូលដោយអរិភាពរបស់បរទេស មកលើសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ អធិបតេយ្យភាព និងដែនសមុទ្ររបស់ប្រទេសចិន ដោយមានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ឆន្ទៈមុតមាំ សមត្ថភាពរឹងមាំ និងមធ្យោបាយដ៏មានប្រសិទ្ធភាព»។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានជជែកវែកញែក ជុំវិញវិធីសាស្រ្តអះអាងកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់ដែនសមុទ្រមានជម្លោះ រួមទាំងសមុទ្រចិនខាងត្បូងផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ លោកឧត្តមសេនីយ៍ He Lei បាននិយាយថា ដំណោះស្រាយចំពោះភាពតានតឹងទាំងនោះ «អាស្រ័យលើសហរដ្ឋអាមេរិក»។
លោកក៏បានបញ្ជាក់ផងដែរថា ឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Michael Chase នឹងចូលរួមវេទិកា Xiangshan នៅសប្តាហ៍នេះ ក្នុងទីក្រុងប៉េកាំង។