វិមានក្រឹមឡាំង បានព្រមានលោកខាងលិចកាលពីថ្ងៃពុធ (១១ កញ្ញា) ថាការសម្រេចចិត្តណាមួយក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារចូលទឹកដីរុស្ស៊ី ដោយមីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច នឹងធ្វើឱ្យអ្វីដែលខ្លួនហៅថាការចូលរួមដោយផ្ទាល់របស់សហរដ្ឋអាមេរិក និងអឺរ៉ុប នៅក្នុងសង្គ្រាមកាន់តែស៊ីជម្រៅបន្ថែមទៀត ហើយនឹងបង្កឱ្យមានការឆ្លើយតបយ៉ាងស័ក្ដិសមពីទីក្រុងមូស្គូ។

ការព្រមាននេះបានកើតឡើងនៅពេលដែលមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អ៊ុយក្រែន បានជំរុញរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy ក្នុងដំណើរទស្សនកិច្ចរួមគ្នាទៅកាន់ទីក្រុងគីវ ឱ្យអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើមីស៊ីលតាកទិកកងទ័ព ATACMS រយៈចម្ងាយឆ្ងាយរបស់អាមេរិក និងមីស៊ីលស្រមោលព្យុះ (Storm Shadow) របស់ចក្រភពអង់គ្លេសលើគោលដៅជ្រៅនៅខាងក្នុងទឹកដីរុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងមូស្គូបានសង្ស័យថាការសម្រេចចិត្តរបស់អាមេរិកក្នុងការអនុញ្ញាតឱ្យទីក្រុងគីវបាញ់មីស៊ីលបែបនេះចូលទៅក្នុងប្រទេសរុស្ស៊ី ត្រូវបានសម្រចរួចហើយ ហើយថានឹងមានការឆ្លើយតបដ៏ស័ក្ដិសមប្រសិនបើរឿងនេះកើតឡើងពិតមែន។

កន្លងមក ទីក្រុងវ៉ាស៊ីនតោន មានការស្ទាក់ស្ទើរក្នុងការផ្គត់ផ្គង់ដល់អ៊ុយក្រែនជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយ ដោយបារម្ភថានេះអាចបង្កើនជម្លោះដែលមានអាយុកាល ២ឆ្នាំកន្លះ ប៉ុន្តែមានសញ្ញាថាជំហររបស់អាមេរិកអាចនឹងផ្លាស់ប្តូរ។ នៅពេលត្រូវសាកសួរថាតើនឹងមានការលុបចោលដែនកំណត់លើការប្រើប្រាស់មីស៊ីលរបស់ទីក្រុងគីវ ដូចជាមីស៊ីល ATACMS ដែរឬទេ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រាប់កាលពីថ្ងៃអង្គារថា រដ្ឋបាលរបស់លោកកំពុង “ធ្វើការលើរឿងនេះ”៕