ប្រមុខមន្រ្តីគោលនយោបាយបរទេសដ៏មានឥទ្ធិពលម្នាក់របស់រុស្ស៊ី លោក សើហ្គេ ការ៉ាហ្កានូវ (Sergei Karaganov) បានលើកឡើងថា ទីក្រុងមូស្គូគួរតែបញ្ជាក់ឱ្យច្បាស់អំពីឆន្ទៈរបស់ខ្លួនក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងបណ្ដាប្រទេសដែល «គាំទ្រការលូកដៃរបស់អង្គការណាតូក្នុងបញ្ហាអ៊ុយក្រែន» ខណៈលោកកំពុងជំរុញលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ឱ្យប្រកាន់យកនូវជំហរនុយក្លេអ៊ែរដ៏រឹងមាំប្រឆាំងនឹងលោកខាងលិច។

លោក Karaganov បានប្រាប់សារព័ត៌មាន ខមមឺសាន់ (Kommersant) នៅក្នុងបទសម្ភាសន៍មួយថា ទីក្រុងមូស្គូ អាចចាប់ផ្តើមការវាយប្រហារនុយក្លេអ៊ែរដែលមានកម្រិត លើប្រទេសណាតូមួយ ដោយមិនបង្កឱ្យមានសង្គ្រាមនុយក្លេអ៊ែរទ្រង់ទ្រាយធំនោះទេ។ លោកសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក បានកុហកបោកប្រាស់នៅពេលដែលខ្លួននិយាយពីការធានាការពារនុយក្លេអ៊ែរដល់សម្ព័ន្ធមិត្ត។
លោក Karaganov បានបន្តថា គោលដៅសំខាន់នៃគោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី “គួរតែធានាថាសត្រូវបច្ចុប្បន្ន និងអនាគតទាំងអស់ ដឹងច្បាស់ថារុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ”។
លោកបន្ថែមថា “ដល់ពេលហើយដែលត្រូវប្រកាសថា យើងមានសិទ្ធិឆ្លើយតបទៅនឹងការវាយប្រហារទ្រង់ទ្រាយធំណាមួយនៅលើទឹកដីរបស់យើងជាមួយនឹងការវាយប្រហារនុយក្លេអ៊ែរ។ នេះក៏អនុវត្តចំពោះការដណ្ដើមយកទឹកដីរបស់រុស្ស៊ីផងដែរ”។ សេចក្តីអធិប្បាយនេះបានចេញផ្សាយប៉ុន្មានសប្តាហ៍បន្ទាប់ពីអ៊ុយក្រែន បានដណ្ដើមយកទឹកដីមួយចំណែករបស់តំបន់ Kursk នៃប្រទេសរុស្ស៊ី ដែលកងកម្លាំងទីក្រុងមូស្គូ នៅតែបន្តប្រយុទ្ធដើម្បីបណ្តេញកងទ័ពទីក្រុងគីវនៅឡើយ៕