ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក អាហ្ស៊ីស ណាសៀហ្សាដេ ( Aziz Nasirzadeh) និងរដ្ឋមន្ត្រីដឹកជញ្ជូនវ៉េណេហ្ស៊ុអេឡា លោក រ៉ាម៉ុន វ៉េឡាស្កេ (Ramon Velasquez) បានសង្កត់ធ្ងន់លើតម្រូវការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក និងការជ្រៀតជ្រែករបស់ប្រទេសនេះ។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរដែលជាសហប្រធាននៃគណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ចរួម ក៏បានអំពាវនាវឲ្យមានការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីផងដែរ។

លោក ណាសៀហ្សាដេ បាននិយាយថា៖«ការគាំទ្រយ៉ាងដាច់អហង្ការ»របស់ប្រជាជនវ៉េណេហ្ស៊ុយអេឡាសម្រាប់រដ្ឋាភិបាលរបស់ពួកគេ និងវត្តមានកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ «មានប្រសិទ្ធភាព និងជាក់លាក់» ក្នុងការរារាំងផែនការរបស់លោកខាងលិច ជាពិសេសបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី វ៉េណេហ្ស៊ុអេឡា នៅចុងខែកក្កដា។
លោកបានលើកឡើងពីបទពិសោធរបស់អ៊ីរ៉ង់ ក្នុងការទប់ទល់នឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ហើយបានបញ្ជាក់ថា ដូចកាលពីអតីតកាល ប្រទេសនេះ មានឆន្ទៈចែករំលែកបទពិសោធបែបនេះជាមួយប្រទេសវ៉េណេហ្ស៊ុយអេឡា។