ប្រទេសអ៊ីរ៉ាក់ គ្រោងនឹងទិញប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយមធ្យមបាញ់ពីដីទៅលើអាកាសរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានឈ្មោះថា ឆាំងហ្គាន់ពីរ ( Cheongung-II) ជាមួយនឹងកិច្ចព្រមព្រៀងមួយដែលរំពឹងថា នឹងត្រូវបានសម្រេច នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់ ដែលបានចេញផ្សាយថ្ងៃព្រហស្បតិ៍។
របាយការណ៍នោះ បាននិយាយថា ក្រសួងការពារជាតិអ៊ីរ៉ាក់ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ២,៥ពាន់លានដុល្លារជាមួយក្រុមហ៊ុនការពារជាតិកូរ៉េ ដើម្បីទិញប្រព័ន្ធ ការពារមីស៊ីល Cheongung-II ចំនួន ៨គ្រឿង ដែលត្រូវបានផលិតឡើង ដើម្បីការពារប្រឆាំងនឹងយន្តហោះ មីស៊ីលតម្រង់គោលដៅ និងមីស៊ីលបាលីស្ទីក។
របាយការណ៍ បានបន្ថែមថា ការសម្រេចចិត្តនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ីរ៉ាក់ក្នុងការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ខ្លួន។
កិច្ចព្រមព្រៀងនាពេលខាងមុខនេះ បានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិលោក ថាបេត មូហាម៉េដ អាល់-អាប់បាស៊ី (Thabet Muhammad Al-Abbasi) បានជួបជាមួយមន្ត្រីមកពីក្រុមហ៊ុនសព្វាវុធកូរ៉េ ក្នុងនោះ មានក្រុមហ៊ុន LIG Nex 1 Co. ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងសេអ៊ូល កាលពីខែមីនា។