កំពង់ចាម៖ ប្រជាកសិករដែលជាអ្នកដាំដំណាំកសិកម្ម បន្លែរួមផ្សំ ក្នុងឃុំព្រែកដំបូក និងឃុំស្វាយខ្សាច់ភ្នំ ចំនួន៩០គ្រួសារ ទទួលបានជីកសិកម្មពី អាជ្ញាធរខេត្តកំពង់ចាម តាមរយៈមន្ទីរកសិកម្មខេត្ត ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពកសិករ និងកាត់បន្ថយការចំណាយបានមួយកម្រិតដែរ។
ប្រជាកសិករដែលរស់នៅក្នុងឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ និងជាអ្នកទទួលជីកសិកម្ម ពី អាជ្ញាធរខេត្តកំពង់ចាម បានសម្ដែងអារម្មណ៍ភាពសប្បាយរីករាយ គាំទ្រចំពោះសកម្មភាពនេះ ក្នុងការជួយលើកស្ទួយជីវភាពអ្នកភូមិបានមួយកម្រិត លើការចំណាយទិញជីយកមកដាក់ដំណាំចម្ការ បន្លែរួមផ្សំផ្សេងៗ និងកសិករ បានស្នើសុំដល់មន្ទីរជំនាញពាក់ព័ន្ធជួយផ្តល់នូវបច្ចេកទេសដាំដុះ ចិញ្ចឹមបន្ថែមទៀត ពោល គឺធ្វើយ៉ាងបង្កើនចំណេះដឹង លើផ្នែកកសិកម្មឲ្យបានច្រើន ដើម្បីងាយស្រួលទទួលបានផលល្អក្នុងការប្រកបរបរកសិកម្មនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ភាគច្រើនចូលចិត្តដាំដុះបន្លែ ក្រោមរូបភាព នៃការជួយទំនុកបម្រុងពីអាជ្ញាធរឃុំ និងអាជ្ញាធរស្រុកជាពិសេស ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទដែលជាសេនាធិការឱ្យរដ្ឋបាលខេត្តកំពង់ចាម។
ឯកឧត្ដម អភិបាលខេត្ត បានបន្តថា បច្ចុប្បន្ននេះ ការដាំដុះបង្កបង្កើន ផលរបស់ប្រជាពលរដ្ឋ គឺមានការរីកចម្រើនខុសពីមុន ដោយមួយផ្នែកសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងគ្រួសារ និងមួយផ្នែកទៀតសម្រាប់យកទៅលក់នៅទីផ្សារ ដូច្នេះការបង្កើនបរិមាណដាំដុះនេះ ចាំបាច់ណាស់ត្រូវការបច្ចេកទេស ដើម្បីធ្វើឱ្យផលដំណាំមានគុណភាពយកទៅប្រកួតប្រជែងលើទីផ្សារ។
ប្រការនេះ បានធ្វើឱ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋមានការរីកចម្រើន អភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ជាផ្នែកមួយចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងមូលដ្ឋានផងដែរ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋយើង។
គូសបញ្ជាក់ផងដែរថា ប្រជាកសិករដែលរស់នៅក្នុងឃុំស្វាយខ្សាច់ភ្នំ និងឃុំព្រែកដំបូក ក្នុងស្រុកស្រីសន្ធរ សរុប៩០គ្រួសារដោយក្នុងមួយគ្រួសារទទួលបានជី ចំនួន២បាវផងដែរ៕ អត្ថបទ៖ តុង សីហា
