បាល់ទាត់៖ រូបក្រមួនរបស់ Lionel Messi និង Cristiano Ronaldo ត្រូវបានគេដាក់បង្ហាញនៅក្នុងសារមន្ទីរមួយនៅប៉ារីស។ តាមពិតទៅរូបសំណាកក្រមួននេះត្រូវបានគេបង្ហាញឱ្យឃើញមុនពេលព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ ដែលព័រទុយហ្កាល់បានគ្រងជើងឯក។
ជាងចម្លាក់ដែលទទួលបន្ទុកលើរូបសំណាក Lionel Messi គឺ Elisabeth Cibot ដែលបានធ្វើការអស់រយៈពេលជាង ៦ខែ។ Elisabeth Cibot បានធ្វើការជាមួយ Barcelona ដែលជាក្លឹបរបស់ Messi ដោយមើលរូបថតសន្លឹករបស់ Messi និងវីដេអូឃ្លីបខ្លះដើម្បីពូនជារូបក្រមួននេះ។ កីឡាករសញ្ជាតិអាហ្សង់ទីនដែលកំពុងប្រកបអាជីពជាមួយក្លឹបយក្សបារាំង Paris Saint Germain រូបនេះនៅមិនទាន់រកគ្រាប់បាល់បាននៅឡើយទេ។
ចំណែករូបក្រមួនរបស់ Cristiano Ronaldo ត្រូវបានធ្វើឡើងដោយ Laurent Mallamaci។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលមានការចាប់ផ្តើមរដូវកាលដ៏អស្ចារ្យចាប់តាំងពីគាត់វិលត្រឡប់មកកាន់ទឹកដី Old Trafford វិញដោយរកបាន ៤គ្រាប់ហើយក្នុងការបង្ហាញខ្លួន ៣ប្រកួត។ អ្នកទេសចរទៅសារមន្ទីរក៏នឹងអាចឃើញរូបក្រមួនកីឡាករផ្សេងទៀតដែររួមមាន Zlatan Ibrahimovic, Pele និងអ្នកចាំទីបារាំង Fabian Barthez ជាដើម៕
អត្ថបទ៖នាង សុភាវុធ