ប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងប្រកាន់ខ្ជាប់នូវជំហរឥតងាករេ ជុំវិញបញ្ហាតំបន់ថ្មប៉ប្រះទឹក Sabina Shoal សូម្បីតែខណៈពេលដែលកំពុងស្វែងរកមធ្យោបាយដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់នេះ ក្នុងអំឡុងពេលមានកិច្ចពិភាក្សា «ដោយស្មោះត្រង់ និងឥតលាក់លៀម» ជាមួយប្រទេសចិន ស្តីពីការគ្រប់គ្រងជម្លោះ នៅក្នុងផ្លូវទឹកដ៏សំខាន់នៃសមុទ្រចិនខាងត្បូង។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បង្ហាញវត្តមានយ៉ាងសកម្មជាប់ជានិច្ច នៅក្នុងតំបន់ដ៏ពិសេសនេះ ដោយមានគោលបំណងតាមដាននូវអ្វីដែលខ្លួនសង្ស័យថា ជាសកម្មភាពរានដីក្នុងទ្រង់ទ្រាយតូចរបស់ប្រទេសចិន តែការធ្វើបែបនោះបានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា ដោយបានធ្វើឲ្យតំបន់ថ្មប៉ប្រះទឹកនេះក្លាយទៅជាចំណុចប៉ះទង្គិចគ្នាចុងក្រោយបំផុតរបស់ប្រទេសទាំង២ នៅក្នុងដែនទឹកដ៏ចម្រូងចម្រាសនេះ។
អំឡុងកិច្ចប្រជុំរបស់មន្ត្រី ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃពុធ (ទី១១ ខែកញ្ញា) ប្រទេសចិនបានប្តេជ្ញាថា នឹង «រក្សាអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់» និងបានរំលឹកឡើងវិញនូវការទាមទារឲ្យមានការដកចេញជាបន្ទាន់នូវនាវាឆ្មាំល្បាតសមុទ្រហ្វីលីពីនដែលបានបោះយុថ្កាចត នៅតំបន់ថ្មប៉ប្រះទឹកនេះ ចាប់តាំងពីខែមេសាមក។
តែយ៉ាងណាក្ដី តាមរយៈបណ្ដាញសង្គម X ដែលមានបង្ហោះរូបភាពនៃការចាប់ដៃជាមួយអនុរដ្ឋមន្ត្រីការបរទេសចិន លោក Chen Xiaodong អនុរដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បានលើកឡើងថា៖ «ខ្ញុំបានអះអាងជាថ្មីនូវជំហរឥតប្រែប្រួលរបស់ហ្វីលីពីន និងបានស្វែងរកវិធីដើម្បីកាត់បន្ថយភាពតានតឹង»។
ចំណែកក្រសួងការបរទេសហ្វីលីពីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ប្រទេសទាំង២ មានការផ្លាស់ប្តូរទស្សនៈគ្នា ដោយស្មោះត្រង់ និងឥតលាក់លៀម។
គួរបញ្ជាក់ថា ប្រទេសទាំង២ បានឆ្លើយដាក់គ្នាទៅវិញទៅមក អំពីការមានចេតនាបុកនាវារបស់គ្នាទៅវិញទៅមក នៅក្នុងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ កាលពីខែមុន បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងស្តីពីបេសកកម្មផ្ដល់សម្ភារផ្គត់ផ្គង់ដល់នាវាកងទ័ពជើងទឹកហ្វីលីពីន ដែលចតនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal៕