រដ្ឋមន្ត្រីការបរទេសអាមេរិក និងអង់គ្លេស បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃពុធ (ទី១១ ខែកញ្ញា) ក្នុងដំណើរទស្សនកិច្ចមួយ ដែលត្រូវបានរំខានដោយការព្រមានអំពីការវាយឆ្មក់តាមអាកាស ដោយនេះជាការបង្ហាញពីការគាំទ្រថ្មី ប៉ុន្តែមិនមានការវិវត្តពីការវាយប្រហាររយៈចម្ងាយឆ្ងាយចូលទៅក្នុងដែនដីរុស្ស៊ីដែលអ៊ុយក្រែនទទូចចង់បាននោះទេ។
ក្នុងទីក្រុងគីវ នៅឯចំណុចដ៏សំខាន់មួយក្នុងការតស៊ូរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានប្រាប់ថា អ្នកទាំង២ និយាយអំពីគោលដៅសង្គ្រាមរបស់អ៊ុយក្រែន និងអ្វីដែលពួកគេអាចធ្វើបាន ដើម្បីជួយជាជំនួយ។
លោក Blinken ប្រាប់អ្នកសារព័ត៌មានថា៖ «ក្នុងចំណោមបញ្ហាផ្សេងទៀត យើងបានពិភាក្សាអំពីការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ប៉ុន្តែបញ្ហាមួយចំនួនទៀតផងដែរ។ ហើយដូចដែលខ្ញុំបាននិយាយនៅដើមដំបូង ខ្ញុំនឹងយកការពិភាក្សានោះត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីពន្យល់ប្រធានាធិបតីអំពីអ្វីដែលខ្ញុំបានឮ»។
គួរបញ្ជាក់ថា លោក Zelenskiy បានស្នើសុំសម្ព័ន្ធមិត្តរបស់ទីក្រុងគីវ អស់ជាច្រើនខែមកហើយ ដើម្បីអនុញ្ញាតឲ្យអ៊ុយក្រែនបាញ់មីស៊ីលលោកខាងលិច ក្នុងនោះរួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS របស់សហរដ្ឋអាមេរិក និង Storm Shadow របស់ចក្រភពអង់គ្លេសផងដែរ ចូលយ៉ាងជ្រៅទៅក្នុងដែនដីរុស្ស៊ី ដើម្បីទប់ស្កាត់សមត្ថភាពវាយប្រហាររបស់ទីក្រុងមូស្គូ។
អំឡុងសន្និសីទសារព័ត៌មានជាមួយលោក Blinken និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha លោក Lammy បានប្រាប់ថា៖ «យើងកំពុងស្តាប់ដោយប្រុងប្រយ័ត្ន ហើយជាការពិត យើងកំពុងពិភាក្សាលើបញ្ហាជាច្រើន ក្នុងនោះរួមទាំងគ្រឿងយុទ្ធោបរណ៍ដែលអ៊ុយក្រែនត្រូវការ ដើម្បីយកជ័យជម្នះផងដែរ»។
សូមបញ្ជាក់បន្ថែមថា អំឡុងទស្សនកិច្ចនេះ រដ្ឋមន្ត្រីនៃប្រទេសទាំង២ បានប្រកាសពីការផ្ដល់ជំនួយរបស់ពួកគេ សម្រាប់ប្រទេសអ៊ុយក្រែន ដោយលោក Blinken បានប្រកាសជំនួយជាង ៧០០លានដុល្លារ ហើយលោក Lammy បាននិយាយថា ចក្រភពអង់គ្លេសនឹងផ្តល់ប្រាក់បន្ថែម ៦០០លានផោន (៧៨១លានដុល្លារ)៕