នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅដល់ប្រទេសប៉ូឡូញ ជាទីដែលលោកនឹងជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយនេះ ដើម្បីពិភាក្សា លើការគាំទ្រអ៊ុយក្រែន នៅក្នុងសង្រ្គាមរបស់ពួកគេជាមួយរុស្ស៊ី និងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិសហរដ្ឋអាមេរិក ជាមួយទីក្រុងវ៉ាសូវី ។
ដំណើរទស្សនកិច្ចរបស់មន្រ្តីការទូតជាន់ខ្ពស់ទីក្រុងវ៉ាស៊ីងតោនរូបនេះ ទៅកាន់ប្រទេសប៉ូឡូញដែលជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ បានកើតមានឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងគីវ កាលពីថ្ងៃពុធជាមួយសមភាគីអង់គ្លេស ជាកន្លែងដែលលោកបានស្តាប់ឮការអំពាវនាវរបស់ក្រុមមន្រ្តីអ៊ុយក្រែន សុំការអនុញ្ញាតឲ្យពួកគេបាញ់មីស៊ីលផ្គត់ផ្គង់ដោយលោកខាងលិច ចូលកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី ។
កាលពីថ្ងៃពុធម្សិលមិញ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានសន្យាផ្តល់ជំនួយជិត ១,៥ ពាន់លានដុល្លារដល់អ៊ុយក្រែន និងបានសន្យាថានឹងពិចារណាលើសំណើឲ្យបានឆាប់រហ័ស ដើម្បីបន្ធូរបន្ថយការរឹតត្បិតលើសព្វាវុធវាយប្រហារចូលកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី។
លោក Blinken បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក Wladimir Putin ថាបានប្រើប្រាស់យុទ្ធសាស្ត្ររដូវរងាជាអាវុធ ប្រឆាំងប្រជាជនអ៊ុយក្រែន ។
យោងតាមការអះអាងរបស់ការិយាល័យលោក បានឲ្យដឹងថា លោក Blinken គ្រោងនឹងមានជំនួបជាមួយនាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk លោកប្រធានាធិបតី Andrzej Duda និងរដ្ឋមន្រ្តីការបរទេសប៉ូឡូញលោក Radoslaw Sikorski ៕