លោកឧត្តមសេនីយ៍ទោ He Le បានប្រាប់អ្នកយកព័ត៌មាន TASS ថា ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមរបស់អាមេរិក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បង្កគ្រោះថ្នាក់បំផុតចំពោះស្ថិរភាពក្នុងតំបន់។
ឧត្តមសេនីយ៍រូបនេះ បាននិយាយនៅខាងក្រៅវេទិកាសន្តិសុខ Xiangshan លើកទី១១ នៅទីក្រុងប៉េកាំងថា៖« ដោយមិនគិតពីកន្លែងដែលពួកគេត្រូវបានដាក់ពង្រាយ មិនថានៅក្នុងប្រទេសហ្វីលីពីន ឬប្រទេសជប៉ុននោះទេ មីស៊ីល រយៈចម្ងាយមធ្យមដែលមានមូលដ្ឋានលើដី នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងបង្កការគំរាមកំហែងសន្តិសុខដ៏ធំបំផុត ដល់តំបន់នេះ»។
មុននេះ រដ្ឋមន្ត្រីកងទ័ពអាមេរិកលោក Christine Wormuth បាននិយាយថា ភាគីអាមេរិក ចាប់អារម្មណ៍លើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅលើដីរបស់ប្រទេសជប៉ុន ដែលពិតជាត្រូវបានហាមឃាត់ដោយសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ដែលទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញ នៅឆ្នាំ ២០១៩។
នៅនិទាឃរដូវ សហរដ្ឋអាមេរិក បានដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម នៅភាគខាងជើងប្រទេសជប៉ុន ដែលជាផ្នែកនៃសមយុទ្ធហ្វីលីពីន-អាមេរិក។ ទីក្រុងប៉េកាំង បានជំទាស់យ៉ាងដាច់ខាត ចំពោះការសម្រេចនេះ។