ព្យុះកំណាច Francine បានបោកបក់ទៅដល់ដីគោកនៅតំបន់ឆ្នេរភាគខាងត្បូងរដ្ឋ Louisiana សហរដ្ឋអាមេរិក ដោយវាយប្រហារទីក្រុង New Orleans ជាមួយនឹងភ្លៀងធ្លាក់ និងសន្ទុះខ្យល់បក់ខ្លាំង ស្របពេលវាគំរាមកំហែងផងដែរដល់តំបន់ឈូងសមុទ្រ ជាមួយនឹងការកញ្ជ្រោលឡើងរបស់ព្យុះ ដែលនាំឲ្យមានបទបញ្ជាជម្លៀសខ្លួន សម្រាប់ពលរដ្ឋរាប់ម៉ឺននាក់ ។
មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក រាយការណ៍ថា ព្យុះ Francine បោកបក់ជាមួយល្បឿនខ្យល់ ១២០គ.មក្នុង ១ម៉ោង ក្រោយមុខព្យុះធ្វើដំណើរចូលដីគោកនៅភាគខាងត្បូងរដ្ឋ Louisiana និងស្ថិតនៅចម្ងាយប្រហែល ៨០គ.មភាគនិរតីទីក្រុង New Orleans ។
មន្ទីរមួយនេះ បានធ្វើបច្ចុប្បន្នភាពរបស់ព្យុះពីកម្រិតទី ១ ឡើងដល់កម្រិតទី ២ មុនពេលវាបោកបក់ដល់ដីគោក ។
ព្យុះ Francine បង្កឲ្យមានទឹកជំនន់ទ្រង់ទ្រាយធំ ធ្វើឲ្យផ្លូវជាច្រើនខ្សែពុំអាចធ្វើដំណើរឆ្លងកាត់បាន ហើយមនុស្សរាប់ម៉ឺននាក់ គ្មានចរន្តអគ្គិសនីប្រើប្រាស់ ។
រូបភាពវីដេអូឃ្លីប នៅទីក្រុង Houma រដ្ឋ Louisiana ឃើញសន្ទុះខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង បោកបក់លើដៃសមុទ្រនៅទីក្រុង Houma ស្របពេលដែលអ្នកស្រុក ប្រឈមនឹងការខូចខាតខ្លាំងជាងនេះ ។
សេវាកម្មសង្រ្គោះបន្ទាន់ បានព្រមានអ្នកស្រុកឲ្យបន្តស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ខណៈក្រុមអាជ្ញាធរ បន្តវាយតម្លៃការខូចខាត ។
មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីជូនដំណឹងចុងក្រោយរបស់ខ្លួនថា ព្យុះ Francine បានថមថាយកម្លាំងមកនៅជាព្យុះត្រូពិក ហើយត្រូវបានគេរំពឹងថា វានឹងកាន់តែថមថយកម្លាំងបន្ថែមទៀត នៅយប់ថ្ងៃព្រហស្បតិ៍នេះ ។
បច្ចុប្បន្ន ព្យុះ Francine ស្ថិតនៅចម្ងាយប្រហែល ៥៥គ.ម ភាគនិរតីទីក្រុង New Orleans ជាមួយនឹងល្បឿនខ្យល់បក់ ១១០គ.ម ក្នុង ១ម៉ោង ៕