រដ្ឋាភិបាលជប៉ុនបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី១២ ខែកញ្ញា) នេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ប្រមុខខុទ្ទកាល័យជប៉ុន លោក Yoshimasa Hayashi បាននិយាយថា យ៉ាងហោចណាស់មីស៊ីលបាលីស្ទិក ២គ្រាប់ពីកូរ៉េខាងជើង បានហោះក្នុងចម្ងាយជាង ៣៥០ គីឡូម៉ែត្រ ឡើងទៅកាន់រយៈកម្ពស់ប្រហែល ១០០គីឡូម៉ែត្រ។
លោក Hayashi បាននិយាយថា មីស៊ីលទាំងនោះ ហាក់ដូចជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន តែមិនមានរបាយការណ៍អំពីការខូចខាតនោះទេ។ នេះជាការបាញ់បង្ហោះលើកដំបូងដោយកូរ៉េខាងជើង ក្នុងរយៈពេលជាង ២ខែ។
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចុងក្រោយ កាលពីថ្ងៃទី១ ខែកក្កដា នៅពេលដែលប្រទេសនេះអះអាងថា បានសាកល្បងដោយជោគជ័យនូវមីស៊ីលបាលីស្ទិកយុទ្ធសាស្ត្រថ្មី ដែលអាចផ្ទុកក្បាលគ្រាប់ទំហំធំទម្ងន់ ៤,៥តោន។
ការបាញ់បង្ហោះចុងក្រោយនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថា នឹងផលិតអាវុធនុយក្លេអែរបន្ថែម «ឲ្យបានកាន់តែលឿន» និងធានាថា ពួកគេបានត្រៀមរួចរាល់ហើយ សម្រាប់ការប្រើប្រាស់ «នៅពេលណាក៏បាន»៕